លោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិន បានសម្រេចលុបចោលបំណុល ដែលកម្ពុជាជំពាក់ចិននៅឆ្នាំ ២០១៥ ចំនួន ៦០០លានយ័ន ឬប្រមាណជា ៩០លានដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងនៅម្សិលមិញនេះ របស់លោក ហ្ស៊ី ជីនពីង ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានាធិបតីចិន ក៏បានមានប្រសាសន៍ថា កម្ពុជា ជាមិត្តដ៏រឹងមាំ ហើយចិន នឹងជួយកម្ពុជាបន្ថែមទៀត តាមរយៈផ្លូវមួយខ្សែក្រវ៉ាត់មួយ ដើម្បីជួយដល់កម្ពុជា នឹងជម្រុញឲ្យទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានការកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០១៧។
សម្រាប់វិស័យទេសចរណ៍ ចិននឹងបង្កើនការហោះហើរត្រង់ពីទីក្រុងនានារបស់ចិន មកកម្ពុជា ដើម្បីបង្កើនចំនួនទេសចរណ៍ចិន មក កម្ពុជា ឲ្យបាន ២លាននាក់នៅឆ្នាំ ២០២០។
លើសពីនេះទៅទៀត ចិន ក៏បានបង្កើនកូតានាំអង្ករ ២សែនតោន ចេញពីកម្ពុជា ទៅចិន ហើយក៏បានផ្តល់ជំនួយបន្ថែម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវជាតិលេខ ៥១ ប្រព័ន្ធធារាសាស្រ្តវ៉ៃកូ ព្រមទាំងជម្រុញក្រុមហ៊ុនចិនដែលមានសមត្ថភាព មកវិនិយោគផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា ការកសាងវាលយន្តហោះខេត្តសៀមរាប និងវិនិយោគលើវិស័យផ្សេងៗដែលមានសក្តាលនុពលផងដែរ។
គួរជម្រាបដែរថា កិច្ចព្រមព្រៀង និងពិធីសារទាំងអស់ចំនួន ៣១ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងលោក ហ្ស៊ី ជីនពីង នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦នេះ៕



មតិយោបល់