ព័ត៌មានសេដ្ឋកិច្ច

ជប៉ុនចង់ស្ថាបនាអាងពិពណ៍ចិញ្ចឹមត្រី ត្រង់ចំណុចប្រសព្វទន្លេចតុមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ

ប្រទេសជប៉ុន គ្រោងនឹងចំណាយទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដើម្បីស្ថាបនាអាងពិពណ៍ចិញ្ចឹមត្រីដ៏ធំមួយ នៅកម្ពុជា ហើយក៏បានបង្ហាញពីចំណាប់អារម្មណ៍លើទីតាំងត្រង់ចំណុចប្រសព្វទន្លេចតុមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកបន្តថា គម្រោងនេះត្រូវការផ្ទៃដីប្រមាណ ១០ ទៅ ២០ហិកតា តាមបណ្តោយទន្លេសាប ឬទន្លេមេគង្គ ដើម្បីសាងសង់អាងត្រីនេះ។

លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន‌-កម្ពុជា ធ្លាប់បានលើកឡើងជាគំនិត ប្រហែលជា ៤ខែមុន ដោយចង់រើសទីតាំងទល់មុខសណ្ឋាគារសុខាភ្នំពេញ ដែលជាចំណុចប្រសព្វទន្លេចតុមុខ។

យ៉ាងណាមិញ គម្រោងនេះមានហានិភ័យច្រើន ដោយសារអាងត្រីនេះ ត្រូវធ្វើពីកញ្ចប់ ហើយអ្នកទស្សនា ត្រូវចុះទៅតាមផ្លូវក្រោមដី ហើយចំណុចប្រសព្វនៃទន្លេ មុខ៤ អាចមានឡើងចុះខ្លាំង អាចប៉ះពាល់ដល់គម្រោង។

គម្រោងនេះ គឺមានផលទាក់ទាញភ្ញៀវទេសចរណ៍ផង និងសម្រាប់ការសិក្សាស្រាវជ្រាវត្រីទឹកសាបគ្រប់ប្រភេទ នៅតាមបណ្តោយបឹងទន្លេសាប និងទន្លេមេគង្គផង។

អាងចិញ្ចឹមត្រីនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ គឺផ្តល់ឱកាសឲ្យប្រជាជាតិទាំងក្នុងតំបន់ និងអន្តរជាតិអាចមកសិក្សាស្រាវជ្រាវពូជត្រី ការភ្ញាស់ និងថែរក្សាពូជត្រីទឹកសាបនៅកម្ពុជាផងដែរ។

លើសពីនេះទៅទៀត គម្រោងនេះ រំពឹងនឹងទាក់ទាញភ្ញៀវទេសចរណ៍បានច្រើន បន្ទាប់ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

គួរបញ្ជាក់ដែរថា គម្រោងនេះ ត្រូវបានស្វាគមន៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានជម្រុញឲ្យចេញជារូបរាងប្រកបដោយជោគជ័យផងដែរ៕

 

presentation1

មតិយោបល់