ប្រទេសចិន បានសម្រេចតម្លើងកូតា នាំចូលអង្ករពីកម្ពុជា ពី ២សែន ទៅ ៣សែនតោន នៅឆ្នាំ ២០១៨នេះ ក្រោយពី កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារៈស្តីពីពាណិជ្ជកម្ម។
ការសន្យានាំចូលផលិតផលអង្ករពីប្រទេសកម្ពុ ជាដោយបង្កើនចំនួនកូតាជាបន្តបន្ទាប់ គឺជាឱកាសសម្រាប់ផលិតផលអង្ករកម្ពុជា ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងពិភពលោកមួយនេះ ហើយ ក៏ជាឱកាសបង្កើននូវជញ្ជីងពាណិជ្ជកម្ម ឲ្យកាន់តែប្រសើរសម្រាប់ផលិតផលនាំចេញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំឲ្យ បណ្តាវិនិយោគិនក្នុងវិស័យស្រូវអង្ករទាំងអស់ ត្រូវតែនាំចេញអង្ករសុទ្ធល្អ ទៅប្រទេសចិន កុំនាំចេញអង្ករខូចគុណភាព ដើម្បីកុំឲ្យខូចពូជខ្មែរ កុំរកស៊ីលក់ផ្លូវឲ្យសោះ។
ប្រទេសចិន មានផ្ទៃដីកសិកម្មតូច នឹងមានប្រជាពលរដ្ឋច្រើន តែមិនមែនជាប្រទេសខ្វះអង្ករនោះទេ តែចិនយោគយល់ជួយទិញអង្ករកម្ពុជា ដែលកើនឡើងការបញ្ជាទិញពី ២សែនតោន ដល់ ៣សែនតោននៅឆ្នាំក្រោយនេះ។
គួររម្លឹកដែរថា ក្នុងឆ្នាំ២០១៧ កន្លងទៅ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារចិនជាង ២១ម៉ឺនតោន ហើយ ចំនួនកូតាថ្មីសម្រាប់ឆ្នាំថ្មី២០១៨នេះ នឹងបង្កើនឱកាសដល់រោងម៉ាស៊ីន និង កសិករបស់កម្ពុជាបន្ថែមទៀត៕
មតិយោបល់