រថយន្តក្រុងចំនួន ១០០គ្រឿង ដែលជាជំនួយរបស់រាជរដ្ឋាភិបាលចិន បានចាកចេញពីកំពង់ផែប្រទេសចិនហើយ កាលពីម្សិលមិញនេះ គ្រោងនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ។
បច្ចុប្បន្ន រថយន្តក្រុង កំពុងរត់លើខ្សែរត់ចំនួន ៣ ជារៀងរាល់ថ្ងៃ ហើយកំពុងសិក្សាសាកល្បងលើ ៥ខ្សែបន្ថែមទៀតរួមមាន៖
១.គីឡូម៉ែត្រលេខ ៩ ដល់ បឹងឈូក
២.ផ្សាររាត្រី ដល់ តាខ្មៅ
៣.ផ្សាររាត្រី ដល់ ចោមចៅ
៤.ចោមចៅ ដល់ វត្តស្លែង
៥.ផ្សារកណ្តាល ដល់ ស្ពានព្រះមុនីវង្ស
៦.គីឡូម៉ែត្រលេខ ៩ ដល់ ស្ពានព្រះមុនីវង្ស និងព្រែកលាប ដល់ សែនជូរីផ្លាហ្សា
៧.ស្តាតចាស់ ដល់ ស្ទឹងមានជ័យ
៨.ស្ទឹងមានជ័យ ដល់ វត្តស្លែង។
សាលារាជធានីភ្នំពេញ នឹងបន្តខិតខំពង្រឹងការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព និងផ្តល់សេវាឲ្យបានល្អជាងនេះ ជាពិសេសគឺ ពង្រីកខ្សែរត់បន្ថែមឲ្យដល់ ១០ខ្សែ ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍។
កាលពី ខែមីនាកន្លងទៅនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងធនាគារឯកទេស វីង បានចុះហត្ថលេខាលើកិច្ចសន្យាស្តីពី ការរៀបចំបង្កើតប្រព័ន្ធទូទាត់តាមអេឡិចត្រូនិចសម្រាប់ សេវារថយន្តក្រុងសាធារណៈរួចរាល់ហើយ។
ការប្រើកាតឆូត នៅពេលប្រើប្រាស់រថយន្តក្រុងសាធារណៈ នឹងផ្លាស់ប្តូរពីការប្រើប្រាស់ថវិកាដោយផ្ទាល់ មកជាការប្រើប្រាស់កាតប្រចាំខែ ឬប្រចាំឆ្នាំ ដែលបង្កភាពងាយស្រួលដល់ ការគ្រប់គ្រងចំណូលឲ្យមានប្រសិទ្ធភាព។
គួររម្លឹកដែរថា ក្រសួងសាធារណការ នឹងដឹកជញ្ជូន ក៏កំពុងតែសិក្សាពីលទ្ធភាព ក្នុងការប្រើប្រាស់កាណូតសាធារណៈ Public Water Bus ជាលើកដំបូងបង្អស់នៅកម្ពុជា ដែលអាចចាប់ផ្តើមរត់នៅឆ្នាំ ២០១៨ខាងមុខនេះ រវាងទីតាំង ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ៕
មតិយោបល់