កាលពីម្សិលមិញនេះ ភាគីបារាំង នឹងកម្ពុជា បានចុះកិច្ចព្រមព្រៀងនាំចេញស្វាយ ៥០០តោន ពីកម្ពុជា ទៅកាន់ប្រទេសបារាំង ដែលកិច្ចព្រមព្រៀងនេះ សម្រាប់អនុវត្តក្នុងឆ្នាំ ២០១៧-២០១៨។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រផ្លូវការរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី។
ក្រៅពីនោះ ភាគីបារំាងក៏ស្នើសុំឲ្យកម្ពុជា នាំផ្លែធូរេន និងសាវម៉ាវ មកបម្រើទីផ្សារនៅក្នុងសហគមន៍អឺរ៉ុបផងដែរ។
គួររម្លឹកដែរថា លោកឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការផ្តាំផ្ញើទៅប្រជាពលរដ្ឋខ្មែរថា កុំជឿពាក្យឃោសនាអកុសលថា ផ្លែស្វាយរបស់ខ្មែរ មានមេរោគ ឬដង្កូវឲ្យសោះ ហើយទីផ្សារអឺរ៉ុប កំពុងរង់ចាំស្វាគមន៍ជានិច្ច។
កាលពីថ្ងៃទី ២៩ ខែមករាកន្លងទៅ ផ្លែស្វាយកែវរមៀតរបស់ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចំនួន ៤,២០០គីឡូក្រាម ត្រូវបានដឹកជញ្ជូនតាមជើងយន្តហោះ Qatar Airways ឆ្ពោះទៅកាន់ប្រទេសបារាំង។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Kingdom Fruit សាខារបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ក៏បានប្រមូលទិញស្វាយពីប្រជាជនខេត្តព្រះវិហារ បាន ៦,៥០០គីឡូក្រាម នឹងដឹកទៅប្រទេសបារាំងជើងទី ១១ផងដែរ។
ជាចុងក្រោយ លោកបានបញ្ជាក់ទៀតថា បងប្អូនខ្មែរ ដែលរស់នៅសហគមន៍អឺរ៉ុប កំពុងរង់ចាំទទួលទិញផ្លែស្វាយរបស់ខ្មែរយើងជានិច្ច៕
មតិយោបល់