ព័ត៌មានសេដ្ឋកិច្ច

ក្រសួងកសិកម្ម ចុះ MOU ជាមួយសមាគមសា្វយចន្ទីវៀតណាម ជម្រុញការនាំចេញស្វាយចន្ទី

កាលពីម្សិលមិញនេះ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមសា្វយចន្ទី​វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ​​(MOU) ស្តីពីការជំរុញ​ផលិតកម្ម​ដំណាំស្វាយចន្ទីនៅ​កម្ពុជា សម្រាប់ការនាំចេញ​ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និង លោក ង្វៀន ដុកថាញ់ ប្រធានសមាគមស្វាយចន្ទី​វៀតណាមប្រចាំ​នៅកម្ពុជា និងឯកឧត្តម ហ័ង មិញ ឯកអគ្គរដ្ឋ​ទូត​រៀតណាមប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា។

អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងជំរុញផលិតកម្មស្វាយចន្ទីនៅកម្ពុជា ការផ្ទេរបច្ចេកទេស​ប្រមូល​ផល និងឃ្លាំងសម្ងួត ជំរុញការវិនិយោគ ការផ្សារភ្ជាប់រវាងអ្នកដាំ​ទៅនឹងទីផ្សារ លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងន័យលើកកម្ពស់​កម្រិតជីវភាព​ប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើន​សេដ្ឋកិច្ច​ជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានកោត​សរសើរ​ដល់​សមាគម​ដែលបានខិតខំជំរុញ​ឱ្យមានការ​រៀបចំ MOU នេះបានបញ្ចប់ទាន់​ពេលវេលា ដែលបញ្ជាក់​ពីស្មារតី​ទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការ​ឆ្លើយតបទៅនឹងសេចក្តីត្រូវការ​ទីផ្សារដំណាំស្វាយចន្ទី​របស់ប្រជា​កសិករ​កម្ពុជា។

កាលពីឆ្នាំ២០១៦ កម្ពុជាមានលទ្ធភាពផលិត​ស្វាយចន្ទីបានប្រមាណ ១០៤,០០០តោន ហើយតាមរយៈអនុស្សរណៈយោគយល់គ្នានាពេលនេះ ក្រសួងកសិកម្ម នឹងព្យាយាមផ្សព្វផ្សាយ​ដល់​ប្រជាកសិករ និងក្រុមហ៊ុនវិនិយោគ​សម្បទានដីសេដ្ឋកិច្ចទាំងឡាយ ឱ្យធ្វើការដាំដុះដំណាំស្វាយចន្ទី ហើយ​សង្ឃឹមថា នាពេលខាងមុខនេះ​ កម្ពុជានឹងមានលទ្ធភាពផលិត​ស្វាយចន្ទីបានគ្រប់ ១លានតោន តាមតម្រូវ​ការ​ទីផ្សារ។

លោក ង្វៀន ដុកថាញ់ ក្នុងនាមសមាគមស្វាយចន្ទីរៀតណាម និងរដ្ឋាភិបាលសង្គមនិយមវៀតណាម បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់​ទៅ​លើ​ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ្នក​វិនិយោគទុនវៀតណាមនៅកម្ពុជា ហើយបាន​បញ្ជាក់ថា រដ្ឋាភិបាលវៀតណាមមានជំនឿទុកចិត្ត​យ៉ាងមុតមាំទៅលើ សមត្ថភាពរបស់សមាគមស្វាយចន្ទី​វៀតណាម និងបានគាំទ្រដល់ការ​ផ្ទេរបច្ចេកទេស និងពូជស្វាយចន្ទីវៀតណាម​មកកម្ពុជាផងដែរ៕

មតិយោបល់