រថយន្តក្រុងចំនួន ១០០គ្រឿង ដែលជាជំនួយរបស់រាជរដ្ឋាភិបាលចិន បានមកដល់កម្ពុជាចំនួន ៧៥គ្រឿងហើយ រង់ចំា ២៥គ្រឿងនៅថ្ងៃស្អែក។ នេះបើយោងតាមគេហទំព័ររបស់ រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយប្រមាណជា ១ម៉ោងមុននេះ។
បច្ចុប្បន្ន រថយន្តក្រុង កំពុងរត់លើខ្សែរត់ចំនួន ៣ ជារៀងរាល់ថ្ងៃ ហើយកំពុងសិក្សាសាកល្បងលើ ៥ខ្សែបន្ថែមទៀតរួមមាន៖
១.គីឡូម៉ែត្រលេខ ៩ ដល់ បឹងឈូក
២.ផ្សាររាត្រី ដល់ តាខ្មៅ
៣.ផ្សាររាត្រី ដល់ ចោមចៅ
៤.ចោមចៅ ដល់ វត្តស្លែង
៥.ផ្សារកណ្តាល ដល់ ស្ពានព្រះមុនីវង្ស
៦.គីឡូម៉ែត្រលេខ ៩ ដល់ ស្ពានព្រះមុនីវង្ស និងព្រែកលាប ដល់ សែនជូរីផ្លាហ្សា
៧.ស្តាតចាស់ ដល់ ស្ទឹងមានជ័យ
៨.ស្ទឹងមានជ័យ ដល់ វត្តស្លែង។
សាលារាជធានីភ្នំពេញ នឹងបន្តខិតខំពង្រឹងការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព និងផ្តល់សេវាឲ្យបានល្អជាងនេះ ជាពិសេសគឺ ពង្រីកខ្សែរត់បន្ថែមឲ្យដល់ ១០ខ្សែ ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍។
គួររម្លឹកដែរថា ក្រសួងសាធារណការ នឹងដឹកជញ្ជូន ក៏កំពុងតែសិក្សាពីលទ្ធភាព ក្នុងការប្រើប្រាស់កាណូតសាធារណៈ Public Water Bus ជាលើកដំបូងបង្អស់នៅកម្ពុជា ដែលអាចចាប់ផ្តើមរត់នៅឆ្នាំ ២០១៨ខាងមុខនេះ រវាងទីតាំង ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ៕
មតិយោបល់