សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បានចុះហត្ថលេខាជាផ្លូវរួចហើយ ទៅលើការបង្កើតមូលនិធិគន្ធបុប្ផា ដែលមានសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកិត្តិយសនៃមូលនិធិនេះ ដើម្បីបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផាឲ្យនៅតែដំណើរការបន្ត ដើម្បីជួយដល់កុមារកម្ពុជា បើទោះបីជាអវត្តមាន លោកវេជ្ជបណ្ឌិត ប៊ីត រិចឆ្នឺរ (Beat Richner) ដែលជាស្ថាបនិកនៃមន្ទីរពេទ្យនេះ ក៏ដោយនោះ។
សម្តេចតេជោ បានរម្លឹកពីការវិវឌ្ឍន៍នៃវិស័យសុខាភិបាល ដែលកន្លងមកបានឆ្លងកាត់នូវការលំបាកជាច្រើន ទម្រាំមានការរីកចម្រើនដូចសព្វថ្ងៃនេះ ពិសេសពេល ដែលប្រទេសកម្ពុជាជួបនូវសង្គ្រាមក្នុងអតីតកាល គឺមិនមានបច្ចេកវិទ្យាសុខាភិបាល ឬថ្នាំ សង្កូវអ្វីល្អៗសម្រាប់ព្យាបាលជំងឺនោះទេ ក៏ប៉ុន្តែក្រោយពីប្រទេសជាតិយើងទទួលបាននូវសុខ សន្តិភាពពេញលេញមក កម្ពុជាបានរៀបចំប្រព័ន្ធសុខាភិបាលឱ្យមានលក្ខណៈកាន់តែល្អ ប្រសើរជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ បណ្តាសប្បុរសជនទាំងឡាយ ដែលកន្លងមកបានចូលរួមចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងបណ្តាមន្ទី ពេទ្យនានាដែលបានចូលរួមផ្តល់គ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចុះជួយព្យបាលជំងឺជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
កាលពីឆ្នាំ ២០១៧ កន្លងទៅ ប្រទេសស្វីស បានសម្រេចផ្តល់ជំនួយ ១២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់រយៈពេល ៣ឆ្នាំ។
ជាក់ស្តែង ស្វីស បានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ ១៩៩៤ គឺប្រមាណ ៦០លានដុល្លារអាមេរិកមកទល់ពេលនេះ។
ការផ្តល់ជំនួយប្រមាណ ៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំនេះ គឺប្រហាក់ប្រហែលជា ១០ភាគរយនៃថវិកាសរុបរបស់មន្ទីរពេទ្យ ហើយស្នើនឹង ១ភាគ៣ នៃជំនួយរបស់ភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស ផ្តល់ឲ្យកម្ពុជា៕
មតិយោបល់