ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្តោងទូតុងតឺន័រ បើកលឿនចាប់ហ្រ្វាងមិនទាន់ ជ្រុលទៅបុករថយន្តបែនដឹកដីក្រុមហ៊ុនCamel ពីចំហៀងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅមុខស្ថានីយ៍ប្រេងឥន្ទនះ Lim long បណ្តោយផ្លូវវេងស្រេង ភូមិព្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដីក្រុមហ៊ុនCamel ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3D-8425 ធ្វើដំណើរចេញពីផ្លូវលំ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បំណងបើកឆ្លងផ្លូវវេងស្រេង ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទតុងតឺន័រសណ្តោងរម៉ក ពណ៌ខៀវ ពាក់ស្លាកលេខស៊េរីចាស់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ចាប់ហ្រ្វាងមិនជាប់ជ្រុល ទៅបុករថយន្តបែនដឹកដីចំពីចំហៀងពេញទំហឹង បណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយមិនរំខានដល់សមត្ថកិច្ចនោះទេ៕
https://youtu.be/sMwd1PxLgAE
មតិយោបល់