ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកការពិភាក្សាកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយស្តីពីហិរញ្ញប្បទាន សហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន។
ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បី ត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ។
កិច្ចប្រជុំត្រៀមអន្តរក្រសួងនេះបានពិភាក្សានិងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំពិគ្រោះយោបល់ បែងចែកភារកិច្ចរបស់ក្រសួង និងស្ថាប័នសម្រាប់លើកបទបង្ហាញ និងត្រៀមខ្លឹមសារសម្រាប់ពិភាក្សា ក្នុងកិច្ចប្រជុំផ្លូវការ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយនឹងប្រព្រឹត្ត ទៅនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា ហើយគណៈ ប្រតិភូជប៉ុន នឹងដឹកនាំដោយ ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អមដោយគណៈប្រតិភូមកពីទីស្នាក់ការកណ្តាល ដែលរួមមាន តំណាងក្រសួងការបរទេសតំណាង ក្រសួងហិរញ្ញវត្ថុ តំណាងក្រសួង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ តំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន ព្រមទាំងមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា។
នាកិច្ចប្រជុំពិគ្រោះយោបល់ កិច្ចពិភាក្សានឹងផ្ដោតលើ ៖
– ពិនិត្យមើលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា
– ពិនិត្យមើលនិន្នាការនៃការបើកផ្ដល់ហិរញ្ញប្បទាននៅកម្ពុជា
– ពិភាក្សាលើគោលនយោបាយផ្ដល់ហិរញ្ញប្បទានរបស់ជប៉ុន និងគម្រោងសម្រាប់អនុវត្តក្នុងឆ្នាំ២០១៨
– ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងកន្លងមក៕



មតិយោបល់