ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០១៧នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានប្រមាណជាង ២.៦លាននាក់ ដែលកើនឡើងជាង ១២ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ភ្ញៀវទេសចរចិន ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា គឺមានរហូតដល់ជាង ៥សែននាក់ កើនឡើង ៤០ភាគរយ ហើយបន្ទាប់មកនោះគឺ ភ្ញៀវវៀតណាមជិត ៤សែននាក់ និងភ្ញៀវឡាវជាង ២សែននាក់។
ចំនួនភ្ញៀវទេសចរជប៉ុន កើនឡើង ៨ភាគរយមកដល់ ជិត១សែននាក់ ដោយសារមានការបើកជើងហោះហើរត្រង់កម្ពុជា-ជប៉ុន កាលពីឆ្នាំមុន។
ជាទូទៅ ភ្ញៀវទេសចរ ១.៦លាននាក់ មកទស្សនាកម្ពុជា តាមរយៈផ្លូវអាកាស ខណៈ ១លាននាក់ទៀត ធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក។
គួរជម្រាបដែរថា កម្ពុជា រំពឹងទទួលភ្ញៀវអន្តរជាតិ ៥.៤លាននាក់ក្នុងឆ្នាំនេះ នឹង ៧លាននាក់ក្នុងឆ្នាំ ២០២០ ដែលរំពឹងរកចំណូលបាន ៥ពាន់លានដុល្លារ និងបង្កើតការងារ ១លានកន្លែង៕
មតិយោបល់