ព័ត៌មានសេដ្ឋកិច្ច

ការនាំចេញអង្ករ កើនឡើងជាង ២៨ភាគរយ ក្នុងខែមករា ឆ្នាំ ២០១៨

ទិន្នន័យនាំចេញអង្ករពី លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបង្ហាញថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនគួរឲ្យកត់សំគាល់ រហូតដល់ ២៨.៣០ភាគរយ ក្នុងខែមករា ឆ្នាំ២០១៨ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។

ទិន្នន័យនាំចេញនោះ បានបង្ហាញឲ្យឃើញថា ការនាំចេញនៅក្នុងខែមករា ឆ្នាំ២០១៨នេះ មានបរិមាណ ៦២,៦២៣តោន ខណៈការនាំចេញអង្ករកាលពីខែមករា ឆ្នាំ២០១៧ មានបរិមាណ ៤៨,៨២០តោន។

បរិមាណកើនឡើងនេះ បានបង្ហាញឲ្យឃើញថា ការទទួលស្គាល់គុណភាពអង្ករកម្ពុជា និង តម្រូវការអង្ករ កាន់តែកើនឡើងពីប្រទេសកម្ពុជា នៅលើទីផ្សារអន្តរជាតិ ស្របពេលដែលកសិករកម្ពុជាបានផលិតដោយគិតគួរ និងយកចិត្តទុកដាក់ចំពោះសុខភាពអ្នកប្រើប្រាស់ ហើយអង្ករកម្ពុជាបានរក្សានូវកំណត់ត្រាជាប់លេខ ២ ជាអង្ករល្អបំផុតប្រចាំឆ្នាំ។

ស្របពេលដែល សហព័ន្ធស្រូវអង្ករកម្ពុជា ទើបសម្ពោធម៉ាកវិញ្ញាតកម្ម ម្លិះអង្គរ កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០១៨នេះ មានក្រុមហ៊ុននាំចេញ និង រោងម៉ាស៊ីនដែលជាសមាជិកសហព័ន្ធ បានទាក់ទងមកកាន់លេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីសួរនាំពីនីតិវិធីប្រើប្រាស់ ម៉ាកវិញ្ញាតកម្មនេះ។

កម្ពុជា បានសម្រេចសម្ពោធម៉ាកវិញ្ញាតកម្មអង្ករ «ម្លិះអង្គរ» «MALYS ANGKOR» ដែលសហព័ន្ធស្រូវអង្ករចាត់ទុក ជាការបោះជំហានឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋនិយមក្នុងការរួមចំណែក លើកស្ទួយវិស័យអង្ករកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងពាណិជ្ជកម្ម និង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត តាមរយ:ការសម្ពោធម៉ាកវិញ្ញាតកម្មជាផ្លូវការ។

ការសម្រេចបាន នូវម៉ាកវិញ្ញាតកម្មអង្ករ នាពេលនេះ គឺមានរយ:ពេល ៨ឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយជំរុញផលិតកម្មស្រូវ និង ការនាំចេញអង្ករក្នុងឆ្នាំ ២០១០ និង ការជួយជ្រុមជ្រែងយ៉ាងខ្លាំងពីសំណាក់ដៃគូអភិវឌ្ឍន៍ជាច្រើន ក្នុងការរៀបចំម៉ាកវិញ្ញាតកម្ម ដែលអាចផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់អង្ករកម្ពុជា។

«ម្លិះអង្គរ» «MALYS ANGKOR» ជាម៉ាកអង្ករក្រអូបប្រណិតរបស់កម្ពុជា ដែលនឹងផ្តល់ការបញ្ជាក់ទៅលើប្រភេទអង្ករក្រអូបប្រណិតនានា ដែលកម្ពុជាផលិតបាន រួចកិនកែច្នៃ សម្រាប់នាំចេញ ឬចែកចាយក្នុងទីផ្សារក្ន្ងុងស្រុក។

រាល់ការប្រើប្រាស់ម៉ាក«ម្លិះអង្គរ» «MALYS ANGKOR» គឺជាការធានាចំពោះមុខច្បាប់ថា អង្ករនោះជាផលិតផលកម្ពុជា យ៉ាងពិតប្រាកដ។

គួរជម្រាបថា នៅដំណាច់ឆ្នាំ ២០១៧ កម្ពុជាសម្រេចការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជាង ៦៣៥,០០០តោនទៅកាន់ប្រទេស៦៣ក្នុងសកលលោក៕

 

មតិយោបល់