អចលន​ទ្រព្យ

រោងចក្រស៊ីម៉ងតិ៍ ជីប ម៉ុង នៅខេត្តកំពត គ្រោងបើកសម្ពោធជាផ្លូវការ នៅពេលឆាប់ៗនេះ

រោងចក្រស៊ីម៉ងតិ៍ថ្មី តម្លៃជាង ២៦២លានដុល្លារអាមេរិក ចាប់ផ្តើមដំណើរការផលិតសាកល្បង ហើយគ្រោងនឹងបើកជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម គេហទំព័ររបស់រដ្ឋបាលខេត្តកំពត ចេញផ្សាយកាលពីម្សិលមិញនេះ។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន វិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង គ្រុប និងក្រុមហ៊ុន Siam City Cement បោះទុនវិនិយោគលើគម្រោងរោងចក្រស៊ីម៉ងតិ៍នេះ ដែលមានសមត្ថភាពផលិតរហូតដល់ទៅ ៥០០០តោនក្នុង១ថ្ងៃ។

រោងចក្រស៊ីម៉ងតិ៍ថ្មីនេះ មានទីតាំងនៅខេត្តកំពត និងមានសមត្ថភាពផ្គត់ផ្គង់ស៊ីម៉ងតិ៍ ដែលប្រើប្រាស់វត្ថុធាតុដើមមានគុណភាពខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ ហើយវានឹងក្លាយជា ខ្សែសង្វាក់ផលិតកម្មតែមួយ និងធំជាងគេនៅកម្ពុជា ព្រមទាំងចូលរួមកាត់បន្ថយការនាំចូលស៊ីម៉ងតិ៍ពីក្រៅប្រទេសមកកម្ពុជាផងដែរ។

គួរជម្រាបដែរថា រោងចក្រស៊ីម៉ងតិ៍នេះ នឹងក្លាយជារោងចក្រផ្គត់ផ្គង់ស៊ីម៉ងតិ៍ធំជាងគេនៅកម្ពុជា ដែលអាចផលិតបាន ២លានតោនក្នុងមួយឆ្នាំ នឹងផ្តល់ការងារដល់ប្រជាជនប្រមាណ ៤០០នាក់ផងដែរ៕

មតិយោបល់