ព័ត៌មានសេដ្ឋកិច្ច

កូរ៉េ នឹងជួយកម្ពុជា លើប្រព័ន្ធបច្ចេកវិទ្យាកសិកម្ម និងកំណត់ផែនទីតំបន់ដាំដុះ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះ MOU ជាមួយក្រសួងដែនដីហេដ្ឋារចនាសម័្ពន្ធ ដឹកជញ្ជូន និងក្រុមហ៊ុននៃសាធារណៈរដ្ឋកូរ៉េ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើ ការអនុវត្តគម្រោងស្តីពី ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកសិកម្ម និងការធ្វើផែនទីកំណត់តំបន់ដាំដុះ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

MOU នេះមានអត្ថប្រយោជន៍ សម្រាប់ធ្វើការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលជាវិស័យមួយមានអាទិភាពក្នុងការទ្រទ្រង់ ឬជំរុញកំណើនសេដ្ឋកិច្ចជាតិ ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកសិកម្ម និងការធ្វើផែនទីកំណត់តំបន់ដាំដុះ ដែលទទួលបានការគាំទ្រពីសាធារណៈរដ្ឋកូរ៉េ គឺមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការរៀបចំផែនការការងារដាំដុះដំណាំ ដោយជ្រើសរើសពូជដំណាំ ស្របតាមគុណភាពដី ទឹក ក្សេត្របរិស្ថាន និងជាពិសេសស្របទៅតាមតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញ។

ម៉្យាងវិញទៀត ការកំណត់ផែនទីដាំដុះបានសុក្រឹត្យ និងត្រឹមត្រូវល្អនោះ គឺជាព័ត៌មានគន្លឹះដ៏សំខាន់មួយសម្រាប់វិនិយោគិន ដើម្បីធ្វើការសម្រេចចិត្តដាក់ទុកវិនិយោគលើ ការដាំដុះឲ្យត្រូវតាមស្ថានភាព និងគុណភាពដី។

លោក Ahn Jong-ho នាយកក្រុមហ៊ុន និងជាតំណាងក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងក្រុមហ៊ុននៃសាធារណៈរដ្ឋកូរ៉េ បានបញ្ជាក់ថា កម្ពុជាសម្បូរធនធានកសិកម្មដែលមានសក្តានុពលក្នុងការអភិវឌ្ឍន៍ ដោយឡែកកូរ៉េសម្បូរទៅដោយបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ដូច្នេះប្រសិនបើកម្មវត្ថុពីរនេះរួមបញ្ចូលគ្នា នោះវិស័យកសិកម្មកម្ពុជាប្រាកដជាមានការអភិវឌ្ឍន៍ ជាមិនខាននាពេលអនាគត។

ប្រទេសកូរ៉េធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ដូចជាប្រទេសកម្ពុជាកំពុងតែជួបប្រទះ តែដោយសារការប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ទើបធ្វើឲ្យវិស័យមួយនេះមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ។

ក្រុមហ៊ុនសន្យាថា នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក្នុងការអនុវត្តគម្រោងនេះ ធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អប្រសើរតាមអ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងទុក៕

មតិយោបល់