ព័ត៌មានសេដ្ឋកិច្ច

ត្រឹមដំណាច់ឆ្នាំ២០១៧ កម្ពុជា ផ្គត់ផ្គង់អគ្គិសនីឲ្យភូមិ ៨១%នៃចំនួនភូមិទូទាំងប្រទេស

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានគូសបញ្ជាក់ពីសាវតានៃ ការអភិវឌ្ឍវិស័យថាមពលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលផ្តើមពីចំនុចសូន្យ រហូតមកដល់ មានការអភិវឌ្ឍដូចសព្វថ្ងៃដោយគិតត្រឹមដំណាច់ឆ្នាំ ២០១៧នេះ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី ដែលក្នុងនេះបានផ្គត់ផ្គង់ឲ្យភូមិប្រមាណជា ៨១% នៃចំនួនភូមិសរុបទូទាំងប្រទេស និងបានភ្ជាប់ដល់លំនៅដ្ឋានប្រមាណជា ៦៨% លើខ្នងផ្ទះសរុបទូទាំងប្រទេស។

ក្នុងនោះ មានថាមពលសរុប ២២០១មេហ្គាវ៉ាត់មកពីគ្រប់ប្រភពដូចជា៖ វារីអគ្គិសនីចំនួន ៧ (១៣២៩មេហ្គាវ៉ាត់) រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម (៥៧៨ មេហ្គាវ៉ាត់) រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅ (២៥១ មេហ្គាវ៉ាត់) ថាមពលករកើតឡើងវិញ (៧២មេហ្គាវ៉ាត់) ថាមពលអគ្គិសនីចែកចាយដោយម៉ាស៊ីនម៉ាស៊ូតតូចៗ (១០មេហ្គាវ៉ាត់) និងការនាំចូលអគ្គិសនីពី ប្រទេសជិតខាង នារដូវប្រាំងក្នុងនោះមានប្រទេសថៃ (១៣៥មេហ្គាវ៉ាត់) វៀតណាម (២៧៧មេហ្គាវ៉ាត់) និងឡាវ (៤មេហ្គាវ៉ាត់)។

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក៏ធ្លាប់បានលើកឡើងដែរថា ប្រទេសកម្ពុជា បានកាត់បន្ថយការនំាចូលថាមពលអគ្គិសនីយ៉ាងច្រើនពី ប្រទេសឡាវ ថៃ និងវៀតណាម ដោយបច្ចុប្បន្ននៅសល់ប្រមាណជាង ២០ភាគរយប៉ុណ្ណោះ។

កាលពីឆ្នាំ ២០០៩-២០១០ កម្ពុជា នាំចូលថាមពលពីប្រទេសឡាវ ថៃ វៀតណាម ប្រមាណ ៨០ភាគរយ តែយ៉ាងណាមិញ កម្ពុជា ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ផលិតថាមពលអគ្គិសនីដោយខ្លួនឯង និងកាត់បន្ថយការនាំចូល ឲ្យសល់ត្រឹមតែ ២០ភាគរយប៉ុណ្ណោះ (ឡាវ ០.៥%, ថៃ ៤.៥% និងវៀតណាម ១៤.៥%)។

ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា កើនឡើងប្រមាណ ២០ភាគរយ ក្នុងឆ្នាំ ២០១៦​ បើធៀបនឹងឆ្នាំ ២០១៥ ក្នុងនោះ វារីអគ្គិសនីចំនួន ៦ ផ្គត់ផ្គង់អគ្គិសនីសរុប ៩២៨មេហ្គាវ៉ាត់ ហើយរោងចក្រធ្យូងថ្ម ផ្គត់ផ្គង់ប្រមាណ ៥០៥មេហ្គាវ៉ាត។

យ៉ាងណាមិញ ក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ដែរថា ត្រឹមឆ្នាំ ២០១៨ កម្ពុជានឹងបង្កើតអគ្គិសនី ៤០០មេហ្គាវ៉ាត់បន្ថែមទៀត តាមរបស់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង។

គួរជម្រាបដែរថា បច្ចុប្បន្ន នៅកម្ពុជា ក៏មានប្រព័ន្ធសូឡាទោលតាមផ្ទះនីមួយៗ (Solar Home System) ប្រមាណ ៤ម៉ឺនផ្ទះ​ ដែលតម្លើងដោយ អគ្គិសនីកម្ពុជា ហើយនឹងបន្តទៅទៀត សម្រាប់ផ្ទះដាច់ស្រយាល ឆ្ងាយពីខ្សែបណ្តាញជាតិ៕

មតិយោបល់