ព័ត៌មានសេដ្ឋកិច្ច

រោងចក្រទឹកស្អាតចំការមន ចំណាយ ២៣លានដុល្លារ ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៥ កញ្ញា

កាលពីពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បានចុះកិច្ចសន្យាលើ គម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតចំការមន ជាមួយក្រុមហ៊ុន Vinci Construction Grands Projects ក្នុងទំហំទឹកប្រាក់ប្រមាណ ២៣លានដុល្លារអាមេរិក។

ក្រុមហ៊ុន Vinci នឹងអនុវត្តគម្រោងសាងសង់នៅថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ​ ហើយរំពឹងនឹងបញ្ចប់នៅក្នុងរយៈពេល ២៤ខែ។

តាមរយៈគម្រោងនេះ រោងចក្រផ្គត់ផ្គង់ទឹកស្អាតចំការមន អាចនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន ឲ្យបានដល់ ៥២០០០ម៉ែត្រគុបក្នុងមួយថ្ងៃ ដែលបច្ចុប្បន្ន អាចផលិតបានត្រឹម ២០០០០ម៉ែត្រគុបក្នុងមួយថ្ងៃ។

ដើម្បីសម្រេចគោលដៅនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវធ្វើការផ្លាស់ប្តូរបំពង់ទុយោទឹកចាស់ ពីស្ថានីយ៍បូមទឹកល្អក់ មករោងចក្រផលិតទឹកស្អាត ដែលមានតាំងពីឆ្នាំ​ ១៩៩៦ និងពង្រីកប្រព័ន្ធចែកចាយទឹក នៅជាយរាជធានីភ្នំពេញទាំងមូល។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។

បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន ៤កន្លែង រួមមានរោងចក្រផ្គត់ផ្គង់ទឹកស្អាតនិរោធ រោងចក្រផ្គត់ផ្គង់ទឹកស្អាតភូមិព្រែក រោងចក្រផ្គត់ផ្គង់ទឹកស្អាតជ្រោយចង្វារ និងរោងចក្រផ្គត់ផ្គង់ទឹកស្អាតចំការមន។

គួរជម្រាបដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគិតគូររួចហើយ ចំពោះសេចក្តីត្រូវការទឹក ដែលកំពុងកើនឡើងជាបន្តបន្ទាប់ សម្រាប់រៀបចំផែនការមេ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០៣០ ដែលក្នុងនោះមានគម្រោងសាងសង់រោងចក្រថ្មីបន្ថែមទៀត នៅភាគខាងជើង រាជធានីភ្នំពេញ៕

មតិយោបល់