ព័ត៌មានសេដ្ឋកិច្ច

CPL Cambodia ក្រុមហ៊ុនអចលនទ្រព្យចំណាស់ជាងគេនៅកម្ពុជា ប្រារព្ធខួបទី ២០ឆ្នាំ

នាឱកាសអបអរគំរប់ខួបទី ២០ឆ្នាំ នៃក្រុមហ៊ុនអចលនទ្រព្យCPL លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យ CPL ជាក្រុមហ៊ុនដែលមានវ័យចំណាស់ជាងគេ នៅព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៩៧ ដោយមានបុគ្គលិកតែ ៣នាក់ប៉ុណ្ណោះ។

លោក បានតំណាលឲ្យដឹងថា នាឆ្នាំ ១៩៩៧ ក្រុមហ៊ុនអចលនទ្រព្យ CPL ត្រូវបានបង្កើតឡើងដំបូង គឺមានបុគ្គលិកតែ ៣នាក់ប៉ុណ្ណោះ ហើយមហាជន មិនសូវជាស្គាល់ យល់ដឹង និងផ្តល់តម្លៃនោះទេ។

យ៉ាងណាមិញ ការជំនះវាយបំបែក ជញ្ជាំងវណ្ណៈរវាង ភ្នាក់ងារអចលន្រព្យ និងម្ចាស់អចលនទ្រព្យ​ បង្កើតបានជា មោទនភាពមួយ និងភាពជោគជ័យជាង ២០ឆ្នាំមកនេះ របស់ក្រុមហ៊ុន CPL

នៅពីក្រោយភាពជោគជ័យនេះ គឺមាន កត្តា ៤យ៉ាង ដែលជម្រុញឲ្យ ក្រុមហ៊ុនអចលនទ្រព្យ CPL ឈរជើងបានយ៉ាងរឹងមាំជាង ២០ឆ្នាំ រួមមាន ធនធានមនុស្ស ដែលមានជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ការងារល្អ ក្នុងការបំពេញការងារ មានភាពស្មោះត្រង់ ធ្វើអ្វីៗដោយតម្លាភាព ចំពោះដៃគូអាជីវកម្ម និងអតិថិជន។

លោកបានបន្តថា ទំនាក់ទំនងល្អក្នុងសង្គម និងជាមួយដៃគូអាជីវកម្ម ជារឿងមួយដ៏ចំាបាច់មិនអាចខ្វះបាន គឺត្រូវមានទំនាក់ទំនងល្អជាមួយ អ្នករកស៊ីក្នុងវិស័យនេះ និងក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជា ហើយចុងក្រោយគឺ ទំនុកចិត្ត និងការជឿជាក់ពីអតិថិជន ដែលជាកត្តាដ៏សំខាន់មួយ ក្នុងការរុញច្រានក្រុមហ៊ុន ឲ្យឈានទៅមុខ ទៅរកភាពជោគជ័យ ហើយត្រូវកសាងទំនុកចិត្តពីអតិថិជនទាំងក្នុង និងក្រៅប្រទេស រួចបន្តរហូតដល់ ការទទួលស្គាល់ជាអន្តរជាតិ។

ក្រុមហ៊ុនអចលនទ្រព្យ CPL ក៏មានបំណងពង្រីកសាខាទូទាំង ២៥ខេត្តក្រុង នាពេលខាងមុខ ដោយប្រកាន់ជំហរផ្តល់សេវាកម្ម ប្រកបដោយគុណភាព រហ័សទាន់ចិត្ត និងបន្ថែមបច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រងអចលនទ្រព្យឲ្យកាន់តែប្រសើរ កាន់តែងាយស្រួលសម្រាប់អតិថិជន។

គួរជម្រាបដែរថា ក្រុមហ៊ុនអចលនទ្រព្យ CPL មានភាគហ៊ុន ១០០ភាគរយ ជារបស់ជនជាតិខ្មែរ ខណៈមានបុគ្គលិកប្រមាណជាង ១០០នាក់ នឹងមាន ៣សាខា ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕

មតិយោបល់