កាលពីពេលថ្មីៗនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតអោយលោកជំទាវ Manika Jain អគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាដែលទើបនឹងតែងតាំងថ្មី ទទួលជួបសម្ដែងការគួរសម ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការអោយកាន់តែស៊ីជម្រៅរវាងកម្ពុជា និងឥណ្ឌា។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើដល់ឥណ្ឌាដូចខាងក្រោមៈ
១. តភ្ជាប់ផ្លូវ Highway ឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា មកដល់កម្ពុជានិងឡាវ ដើម្បីតភ្ជាប់ ឥណ្ឌា ជាមួយកម្ពុជា។
២.បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម អោយសមនឹងសក្ដានុពលរវាងប្រទេសទាំងពីរ និងជម្រុញអោយមានការវិនិយោគអោយកាន់តែច្រើនឡើងថែមទៀត រវាងកម្ពុជា-ឥណ្ឌា។
៣.ស្នើអោយមានការហោះហើរត្រង់ឥណ្ឌា-កម្ពុជា ដើម្បីជម្រុញអោយមានអ្នកទេសចរ កាន់តែច្រើនទស្សនាប្រទេសទាំងពីរ។
៤.ស្នើអោយមានការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ជាពិសេសយុវជនរវាងប្រទេសទាំងពីរ អោយកាន់តែស្គាល់គ្នាបន្ថែមទៀត។
គួរជម្រាបថា កម្ពុជា និងឥណ្ឌា បានចុះហត្ថលេខារួចរាល់ហើយ លើគម្រោងហោះហើរត្រង់រវាងគ្នានេះ និងជម្រុញឲ្យចាប់ផ្តើមប្រតិបត្តិការជើងហោះហើរត្រង់ នៅឆ្នាំ ២០១៨នេះ ខណៈបច្ចុប្បន្នពុំទាន់មានក្រុមហ៊ុនណា ចាប់ផ្តើមប្រតិបត្តិការនៅឡើយទេ រង់ចាំការសិក្សាលើបច្ចេកទេសបន្ថែម។
ជើងហោះហើរនេះ នឹងប្រតិបត្តិការរវាង ក្រុងភ្នំពេញ/សៀមរាប នឹង NewDelhi/ទីក្រុងមួយចំនួនទៀតនៃប្រទេសឥណ្ឌា ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប អាចជាគោលដៅចំបងមុនគេ ក្នុងការចាប់ផ្តើមប្រតិបត្តិការជើងហោះហើរនេះ ដោយសារភ្ញៀវទេសចរណ៍ឥណ្ឌាភាគច្រើន ចាប់អារម្មណ៍លើ ទេសចរណ៍អាពាហ៍ពិពាហ៍ សម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា។
តំបន់សៀមរាបអង្គរ ជាគោលដៅចម្បងសម្រាប់ទេសចរណ៍អាពាហ៍ពិពាហ៍ ហើយភ្ញៀវទេសចរអាច តភ្ជាប់ទៅកាន់ខេត្តព្រះសីហនុ សម្រាប់រាត្រីក្រេបច័ន្ទទឹកឃ្មុំ។
ប្រទេសឥណ្ឌា ជាប្រទេសដ៏ធំមួយ មានប្រជាជនប្រមាណ ១៣០០លាននាក់ ដែលជាសក្តានុពលទេសចរណ៍ដ៏ធំមួយ ត្រូវបានព្យាករណ៍ថា នៅឆ្នាំ ២០២០ នឹងមានភ្ញៀវទេសចរឥណ្ឌាចេញក្រៅប្រមាណ ៥០លាននាក់៕
មតិយោបល់