លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះចាប់តាំងពី ២០១២មក អគ្គនាយកដ្ឋានពន្ធដារ តែងតែសម្រេចបានគ្រប់ និងលើសផែនការដែលច្បាប់កំណត់ ជាពិសេសឆ្នាំ ២០១៧ គឺជាកំណត់ត្រាថ្មីរបស់ពន្ធដារ ដែលសម្រេចបាន ១១៣ភាគរយ នៃផែនការច្បាប់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា លទ្ធផលសម្រេចបាននេះ គឺ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានក្នុងបរិបទមួយ ដែលគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា មិនមានការបង្កើនអត្រាពន្ធ ឬបង្កើតពន្ធថ្មីនោះទេ គឺមានតែពង្រឹងច្បាប់ និងបទបញ្ញត្តិស្តីពី ពន្ធដារមានស្រាប់តែប៉ុណ្ណោះ។
អគ្គនាយកដ្ឋានពន្ធដារនឹង ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យអស់សក្តានុពលដែលមានស្រាប់ ដើម្បីធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធផ្សារភ្ជាប់ នឹងទិដ្ឋភាពសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងរដូវកាលនៃការប្រកាសពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ២០១៧ ដែលនឹងផុតនៅដំណាច់ខែមីនាខាងមុខនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានក្រើនរម្លឹកដល់ សហគ្រាសទាំងអស់ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធរបស់ ខ្លួន ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវ បទបញ្ញត្តិស្តីពីពន្ធដារ គឺជាកិច្ចការចម្បងដែលអ្នកជាប់ពន្ធគ្រប់រូបត្រូវប្រកាន់យក ហើយបោះបង់ចោលនូវ ទម្លាប់ចាស់ ដែលកន្លងមកតែងតែស្នើសុំលើកលែងពន្ធ ដោយលើក យកហេតុផលផ្សេងៗ និងប្រែក្លាយការគោរពប្រតិបត្តិច្បាប់មិនទាន់បានខ្ជាប់ខ្ជួន និងមិនទាន់បានត្រឹមត្រូវ ឱ្យមកជាគោរពប្រតិបត្តិច្បាប់ឱ្យបានត្រឹមត្រូវដោយមក ដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា និងឱ្យបានត្រឹមត្រូវ។
សូមរម្លឹកថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រង ក្នុងនោះត្រូវបាន បង្កើតនូវនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅដើម្បីគ្រប់គ្រង និងតាមដាននូវលំហូរឯកសារចេញ-ចូល (Tracking Documents) និងមានសេវា Call Center មានទូរស័ព្ទលេខ ១២៧៧ ក្នុងន័យ ពង្រឹងសេវានិង ការឆ្លើយតបនានាជូនអ្នកជាប់ពន្ធឱ្យ បានប្រសើរ ហើយក៏ត្រូវបានបង្កើតផងដែរនូវនាយកដ្ឋានស៊ើបអង្កេត បទល្មើសពន្ធដារ ដើម្បីតាមដាន និងស៊ើបអង្កេតបទល្មើសពន្ធដារ ខណៈដែលមន្ត្រីពន្ធដារត្រូវបានផ្តល់សិទ្ធិ ជាមន្ត្រី និងភ្នាក់ងារនគរបាលយុត្តិធម៌ តាមរយៈច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៥។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារក៏បានដាក់ឱ្យដំណើរការនូវកម្មវិធីពិនិត្យ លិខិតសវនកម្ម (Audit Checking Application) តាមរយៈទូរស័ព្ទដៃ ដែលអាចទាញយកពី Appstore ឬ Playstore ដោយឥតគិតថ្លៃ និងបំពេញនូវព័ត៌មានដែលតម្រូវ។
បន្ថែមពីនេះទៀត ក្នុងពេលឆាប់ៗខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងផ្តល់លទ្ធភាពឱ្យអ្នកជាប់ពន្ធអាចដាក់ លិខិតប្រកាសតាមប្រព័ន្ធអេឡិកត្រូនិច (E-Filing) បន្ថែមពីលើការ បង់ប្រាក់ពន្ធតាមប្រព័ន្ធ អេឡិចត្រូនិក E-Payment ដែលកំពុងបានដាក់ឱ្យប្រើប្រាស់៕
មតិយោបល់