ព័ត៌មានសេដ្ឋកិច្ច

ម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៧% ពឹងផ្អែកលើវិស័យធំៗចំនួន ៣

ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយទៀត ដោយពឹងផ្អែកលើវិស័យធំៗចំនួន ៣ ដែលជាជន្ទល់ដ៏រឹងមាំជួយរក្សាកំណើនសេដ្ឋកិច្ច។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា តាមការព្យការណ៍ កំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ខាងមុខ អាចនឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយ ដោយក្នុងនោះ វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងបន្តកំណើនក្នុងរង្វង់ ១.៨ភាគរយ វិស័យឧស្សាហកម្ម នឹងបន្តរក្សាកំណើនរឹងមាំ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១០ភាគរយ និងវិស័យសេវាកម្មត្រូវ បានព្យាករណ៍ថា នឹងមានកំណើនខ្ពស់ក្នុងរង្វង់ប្រមាណ ៧ភាគរយ។

ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជាត្រូវដាក់ចេញនូវវិធានការគោលនយោបាយចាំបាច់មួយចំនួន នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចឱ្យបន្តសម្រេច បានក្នុងរង្វង់ ៧ភាគរយ តាមរយៈការបន្តអភិវឌ្ឍន៍លើកកម្ពស់ក្បាលម៉ាស៊ីនសេដ្ឋកិច្ចចាស់ ប្រពៃណីដែលមានស្រាប់ផង និងការបង្កើតក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីៗផង ដែលរួមមានការអភិវឌ្ឍលើកកម្ពស់ក្បាលម៉ាស៊ីនចាស់ប្រពៃណីដែលមានស្រាប់ ពិសេសវិស័យកាត់ដេរ តាមរយៈបង្កើនតម្លៃបន្ថែមក្នុង វិស័យនេះឱ្យបានខ្ពស់ ដោយផ្លាស់ប្តូរពីការផលិតនូវ ផលិតផលដែលមានតម្លៃថោកៗដូចបច្ចុប្បន្ន តម្រង់ឆ្ពោះទៅរកការផលិតនូវផលិតផលដែលមានថ្លៃមធ្យម និងតម្លៃខ្ពស់។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើតក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីៗ ដូចជាវិស័យគ្រឿងបង្គុំ និងវិស័យសេវាកម្មមួយចំនួន ដែលកំពុងតែមានសក្តានុពលខ្ពស់ និងការផ្តួចផ្តើមបង្កើតឧស្សាហកម្មថ្មីៗ ដោយរដ្ឋខ្លួនឯងផ្ទាល់ ដោយសហការជាមួយនឹងវិស័យឯកជន។

ចំពោះស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាវិញ គឺមានលក្ខណៈរឹងមាំ និងចីរភាព ទាំងនៅក្នុងផ្នែកចំណូល និងទាំងនៅក្នុងផ្នែកចំណាយ ដោយសាររាជរដ្ឋាភិបាល បានគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសបានយ៉ាងល្អ ដែលនេះ គឺជាលទ្ធផលផ្លែផ្កានៃ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។

កម្ពុជា គួរត្រូវបន្តធ្វើទំនើបកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ទៅរកសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ (High Value Added Economy) ហើយក្នុងរយៈពេលវែងខាងមុខទៅជា សេដ្ឋកិច្ចដែលបង្កើតតម្លៃ (Value Creation Economy)។

ជាចុងក្រោយ កម្ពុជានឹងបង្កើនការវិនិយោគឱ្យ កាន់តែខ្លាំងក្លាលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោយក្នុងនោះ កម្ពុជា នឹងធ្វើការវិនិយោគ ដោយឆ្លាតវៃ (smart investment) លើការតភ្ជាប់លើវិស័យ ទូរគមនាគមន៍ដឹកជញ្ជូន, ថាមពល និងឌីជីថល ក្នុងគោលដៅធ្វើឱ្យការតភ្ជាប់នៅក្នុងប្រទេសរបស់យើង គឺកាន់តែល្អ និងមានគុណភាពកាន់តែប្រសើរឡើង៕

មតិយោបល់