ភ្នំពេញៈ ឆ្លើយតបសំណួរអ្នកយកព័ត៌មាន ជុំវិញការផ្សាយរបស់ស្ថាប័នព័ត៌មានក្នុងស្រុកដែលថា លោក សម រង្ស៊ី ស្នើដល់សហភាពអឺរ៉ុប បិទទីផ្សារនាំចេញសម្លៀកបំពាក់របស់កម្ពុជា ទៅកាន់អឺរ៉ុបនោះ លោក ចច អេដហ្គារ បានបញ្ជាក់ថា សហភាពអឺរ៉ុប អាចនឹងពិចារណាឡើងវិញ ចំពោះការនាំចូលគ្រប់មុខទំនិញអនុគ្រោះពន្ធ ប្រសិនបើរកឃើញថា ស្ថានភាពរំលោភសិទ្ធិមនុស្សក្នុងប្រទេសនោះ មានសភាពធ្ងន់ធ្ងរ។ ប៉ុន្តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា ស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា មានការរំលោភបំពានធ្ងន់ធ្ងរ ឬយ៉ាងណានោះឡើយ។
លោក ចច អេដហ្គារ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីនិស្សិត និងបុគ្គលិកសិក្សាថ្មី ដែលទទួលបានអាហារូបករណ៍១០០% ទៅសិក្សានៅប្រទេសនានាក្នុងទ្វីបអឺរ៉ុប កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា កិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប ជាមួយប្រទេសកម្ពុជា គឺបានផ្ដល់លទ្ធភាពដល់កម្ពុជា យ៉ាងច្រើននៅក្នុងការចូលទៅកាន់ទីផ្សារនៅអឺរ៉ុប ឲ្យកាន់តែមានភាពងាយស្រួល និងទូលំទូលាយជាងមុន។ លោកថា ការផ្ដល់លទ្ធភាពពិសេសនេះ គឺជាការគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ច ការធ្វើកំណែទម្រង់កែលម្អវិស័យអប់រំ ក៏ដូចជាវិស័យផ្សេងៗទៀត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ផងដែរថា លោកបានឃើញសំណើរបស់លោក សម រង្ស៊ី នៅក្នុងរបាយការណ៍ ប៉ុន្តែលោកថា អ្វីដែលជាការស្នើសុំរបស់គាត់ (សម រង្ស៊ី) មិនមែនជាការស្នើហាមឃាត់ ឬបិទមិនឲ្យនាំសម្លៀកបំពាក់ចេញទៅសហភាពអឺរ៉ុបនោះទេ ក៏ប៉ុន្តែវាជាសំណើដែលស្នើឲ្យមានការកាត់បន្ថយ។
លោកឯកអគ្គរដ្ឋទូតរូបនេះ បញ្ជាក់ថា ប្រទេសកម្ពុជា ទទួលបាននូវការអនុគ្រោះពិសេសលើពាណិជ្ជកម្មទ្វេភាគី ដែលហៅថា ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើកលែងសពាវុធ។ ប៉ុន្តែលោកថា សហភាពអឺរ៉ុប ក៏នឹងធ្វើការពិចារណាឡើងវិញផងដែរ ប្រសិនបើរកឃើញថា មានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ “ការផ្ដល់អនុគ្រោះនេះ គឺអាចនឹងធ្វើការពិចារណាឡើងវិញបាន បើទៅតាមស្ថានភាពដែលអាចមានជាក់លាក់នីមួយៗនៅក្នុងប្រទេសនីមួយៗ ប្រសិនបើយើងពិនិត្យមើលឃើញថា ប្រទេសនោះ មានការរំលោភបំពានខ្លាំងខ្លា ឬមួយក៏មានការរំលោភសិទ្ធិមនុស្សខ្លាំងនៅក្នុងកម្រិតណាមួយដែលមិនអាចទទួលយកបាននោះ គេអាចធ្វើការពិចារណានូវលទ្ធភាពនៃការផ្ដល់ភាពអនុគ្រោះពាណិជកម្មនោះបាន”។ លោក ចច អេដហ្គា បញ្ជាក់។
ទន្ទឹមគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ ក៏ឲ្យដឹងដែរថា ក្រសួងនឹងខិតខំប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មនានា ដើម្បីឲ្យដៃគូនានាបានយល់ច្បាស់ពីស្ថានភាពពិតជាក់ស្ដែងនៅកម្ពុជា ដែលបាន និងកំពុងអនុវត្តបានយ៉ាងល្អប្រសើរ នូវស្ដង់ដារការងារអន្តរជាតិ ធានាបាននូវការជឿទុកចិត្តពីអ្នកបញ្ជាទិញ ដែលជាកត្តាស្នូលក្នុងការរក្សាបាននូវនិរន្តភាព និងកំណើនក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ផ្ដល់ផលប្រយោជន៍ជូនដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ។ បើតាមក្រសួងនេះ បច្ចុប្បន្នកម្ពុជា មានកម្មករនិយោជិតប្រមាណជាង៧០ម៉ឺននាក់ កំពុងទទួលបាននូវផលកម្រៃដោយផ្ទាល់ និងប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ផ្សេងទៀត កំពុងទទួលផលដោយប្រយោលពីឧស្សាហកម្មនេះ។
គួរជម្រាបថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើបទអន្តរាគមន៍ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅថា បើសហភាពអឺរ៉ុប បិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់ជាមួយលក្ខខណ្ឌផងដែរ។ បើសភាពអឺរ៉ុប ធ្វើដូច្នេះ រដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ។ លោកបន្ថែមថា បើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់នេះ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់។ នេះជាការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ផ្សាយជាខេមរភាសា កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅ។
បើតាមរបាយការណ៍របស់សហភាពអឺរ៉ុប បានបង្ហាញថា កាលពីឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អឺរ៉ុប បានផ្លាស់ប្ដូរពាណិជកម្មជាមួយគ្នាក្នុងរង្វង់ទឹកប្រាក់ចំនួន៤,៥៥១លានអឺរ៉ូ ឬប្រមាណជា៥ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញសម្លៀកបំពាក់ពីកម្ពុជា មានទំហំទឹកប្រាក់ប្រមាណជា២,៩៦២លានអឺរ៉ូ ឬស្មើនឹង៣,២ពាន់លានដុល្លារអាមេរិក។
លោក ចច អេដហ្គា បញ្ជាក់ឲ្យដឹងដែរថា សហភាពអឺរ៉ុប ក៏តែងតែបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជាផងដែរ។ ជាមួយក្ដីបារម្ភនេះ លោកស្នើឲ្យភាគីគណបក្សនយោបាយធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើការពិចារណារកដំណោះស្រាយដ៏ល្អប្រសើរមួយ ដោយលោកថា សភាពអឺរ៉ុប ចង់ជំរុញឲ្យគ្រប់ភាគីគណបក្សនយោបាយអង្គុយចុះទាំងអស់គ្នា ដើម្បីជជែកពិភាក្សារកដំណោះស្រាយមួយដោយស្មើភាព សន្ដិវិធី សេរី មិនមានការបំភិតបំភ័យ ឬធ្វើឲ្យមានការប៉ះពាល់ផ្សេងៗ៕
មតិយោបល់