គិតត្រឹម ១០ខែ ដើមឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជាង ៥សែនតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៦០ កើនឡើងប្រមាណ ១៦ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ចិន ជាទីផ្សារធំជាងគេនៅកម្ពុជា ទិញអង្ករជិត ១៤ម៉ឺនតោន កើនឡើង ៥៩ភាគរយបើធៀបនឹងឆ្នាំមុន រីឯបារំាង ជាទីផ្សារធំទី ២ ទិញអង្ករជាង ៦ម៉ឺនតោន និងប៉ូឡូញ ទិញ ៤ម៉ឺនតោន។
អង្ករកម្ពុជា បានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ជាអង្ករល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ ២០១៧ ខណៈអង្ករថៃ ជាប់លេខ ១ ក្នុងឆ្នាំនេះ។
អង្ករកម្ពុជា ធ្លាប់បានទទួលជ័យលាភីអង្ករល្អបំផុតលើពិភពលោក ៣ឆ្នាំជាប់ៗគ្នា ២០១២ ២០១៣ និង ២០១៤ ហើយសម្រាប់ឆ្នាំនេះ ក្នុងការប្រកួតជ្រើសរើសអង្ករល្អបំផុតលើពិភពលោក អង្ករកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ២ ខណៈអង្ករថៃ ជាជ័យលាភីលេខ ១ និងលេខ ៣ បានទៅប្រទេសវៀតណាម។
កាលពីឆ្នាំ ២០១៦ កម្ពុជា នាំអង្ករចេញជាង ៥.៤សែនតោន ទៅកាន់ ៦៥ប្រទេសទូទាំងពិភពលោក។
តាមការសន្និដ្ឋាន បរិមាណអង្ករនាំចេញ មានការកើនឡើងនេះ ជាសញ្ញាល្អ ដើម្បីសម្រេចនូវគោលដៅរំពឹងទុករបស់រាជរដ្ឋាភិបាល ក្នុងការនំាចេញអង្ករឲ្យទទួលបានជោគជ័យ៕
មតិយោបល់