ព័ត៌មានសេដ្ឋកិច្ច

អ៊ីតាលី នឹងបើកដំណើរការសភាពាណិជ្ជកម្ម នៅកម្ពុជា នាពាក់កណ្តាលឆ្នាំនេះ

ប្រទេសអ៊ីតាលី នឹងបើកដំណើរការសភាពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា នាកំឡុងពាក់កណ្តាលឆ្នាំនេះ ដែលមានក្រុមហ៊ុនសរុបជាង ៤០ និងក្លាយជាផ្នែកមួយនៃសភាពាណិជ្ជកម្មអឺរ៉ុប ដោយសារអ៊ីតាលីពុំទាន់មានស្ថានទូតនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញនេះ។

លោក អាណូ ដាក ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចំានៅកម្ពុជា បានឲ្យដឹងថា វត្តមានសភាពាណិជ្ជកម្មអ៊ីតាលី នឹងជួយជម្រុញកំណើនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបង្កើតឱកាសការងារថ្មីៗ សម្រាប់ប្រជាជនកម្ពុជាទៀតផង។

លោកបន្តថា សភាពាណិជ្ជកម្មអឺរ៉ុប គឺត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយគាំទ្របច្ចេកទេសដល់ ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយពី នីតិវិធីប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងផលិតផលដែលមានសក្តានុពលរបស់កម្ពុជា ជូនដល់វិនិយោគិនអឺរ៉ុប នៅក្នុងប្រទេសថៃ និងប្រទេសបារាំង។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះ ការប្រឹងប្រែងកៀងគរវិនិយោគិនពី ប្រទេសអឺរ៉ុបឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើន នៅកម្ពុជា៕

មតិយោបល់