ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាប់ផ្តើមធ្វើយុទ្ធនាការហៅ អ្នកប្រើប្រាស់ទូរស័ព្ទ ក្នុងពេលបើកបរយានយន្តមកធ្វើការអប់រំ មុននឹងឈានដល់ការពិន័យ ខណៈដែលកត្តានេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤ដង ក្នុងចំណោមគ្រោះថ្នាក់ផ្សេងៗទៀត។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
លោកជំទាវ មឹន មាណវី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបាន បញ្ជាក់ថា ក្រុមមន្ត្រីសមត្ថកិច្ចនគរបាល បានសហការជាមួយអង្គការសង្គមស៊ីវិល និង យុវជនគំរូ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយនៅតាមផ្លូវសាធារណៈ ទៅដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទអំពី ការ ប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលប្រើប្រាស់ទូរស័ព្ទដៃ ខណៈដែលគ្រោងនឹងអនុវត្តន៍ដោយ ការចាប់ពិន័យតាមច្បាប់កំណត់។
ថ្លែងក្នុងពិធីប្រកាសចាប់ផ្តើមអនុវត្តន៍យុទ្ធនាការអប់រំផ្សព្វផ្សាយ ដើម្បីកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ ក្នុងពេលបើកបរ កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី បានលើកឡើងថា អ្នកបើកបរយានយន្តដែលប្រើប្រាស់ទូរស័ព្ទ អាចបាត់បង់ភាពម្ចាស់ការ និងស្មារតីប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ចរាចរណ៍ ដែលនឹងកើតមានឡើងជាយថាហេតុ។
លោកឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា សមត្ថកិច្ចជំនាញ នឹងអនុវត្តប្រព័ន្ធថតតាមកាម៉េរាស្វ័យប្រវត្តិ ដើម្បីហៅអ្នកល្មើសមក ពិន័យតាមក្រឹត្យក្រមនៃច្បាប់។
ប្រសិនបើ អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ ដោយមិនត្រូវប្រើប្រាស់ទូរស័ព្ទដៃ ក្នុងចំណោមច្បាប់ហាមឃាត់ផ្សេងទៀតដូចជា កុំពិសាគ្រឿងស្រវឹង កុំបើកបរលើសល្បឿន កំណត់ កុំបើកបរខុសទិសចរាចរណ៍ ស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ជាដើម នឹងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកនៅកម្រិតទាប។
យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា អ្នកកាន់ដៃចង្កូតយានយន្ត នៅកម្ពុជា ប្រមាណជាង ៥០ភាគរយឡើងទៅ បានប្រើទូរស័ព្ទដៃក្នុងពេល អ្នកបើកបរ ខណៈដែលមួយ ចំនួនទៀត មានការកាន់ចំណីអាហារទទួលទាន ស្តាប់កាសទូរស័ព្ទ និងប្រឡែងគ្នាក្នុងពេលអ្នកបើកបរ។
ការសិក្សានេះបានបញ្ជាក់ដែរថា យ៉ាងហោចណាស់ មានមនុស្សម្នាក់ ក្នុងចំណោម៤នាក់ ដែលបានប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលបើកបរ ទទួលរងគ្រោះថ្នាក់ចរាចរណ៍។
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក កំណត់ថា អ្នកបើកបរយានយន្តដែល ប្រើប្រាស់ទូរស័ព្ទដៃ ត្រូវមាន ឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង ឬហៅថា កាសទូរស័ព្ទ នៅពេលកំពុងបើកបរជាដាច់ខាត៕
មតិយោបល់