កាលពីម្សិលមិញនេះ ប្រតិភូសភាពាណិជ្ជកម្មចិន បានជួបពិភាក្សាជាមួយ អភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់បន្ថែមទៀតអំពី សក្តានុពលរបស់ខេត្ត ក្នុងគោលបំណងទំនាក់ទំនងធ្វើការវិនិយោគស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។
នាឱកាសនោះ ក្រុមប្រតិភូ ក៏បង្ហាញបំណងចង់វិនិយោគលើ គម្រោងបង្កើតថាមពលអគ្គីសនីដោយប្រើថាមពលខ្យល់សមុទ្រនៅខេត្តព្រះសីហនុផងដែរ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៏យ៉ាងរីករាយ ចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មចិន ដែលចាប់អារម្មណ៍ចំពោះសក្តានុពលរបស់ខេត្តព្រះសីហនុ និងបានសំលឹងមើលខេត្តព្រះសីហនុ សម្រាប់ជាទិសដៅសំខាន់ក្នុងការវិនិយោគ។
ឯកឧត្តម ថ្លែងប្រាប់គណៈប្រតិភូថា ខេត្តព្រះសីហនុ គឺជាខេត្តបំពង់កសេដ្ឋកិច្ច ហើយត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាតំបន់ឧស្សាហកម្មគំរូពហុបំណងតែមួយគត់របស់កម្ពុជា ជាទិសដៅការអភិវឌ្ឍរយៈពេលវែង។
ខេត្តព្រះសីហនុ ក៏គ្រោងនឹងបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៏ និងវិនិយោគ សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចូលមកកាន់តែច្រើនថែមទៀត។
លោក ជិន ឈីងតាវ (CHEN QINGTAO) បានអោយដឹងថា ឆ្លងតាមរយៈទំនាក់ទំនងវប្បធម៌ និង នយោបាយល្អប្រសើរជាមួយគ្នាជាយូរមកហើយរវាង កម្ពុជា-ចិន លោកមានជំនឿថា សម្ព័ន្ធភាពកម្ពុជា-ចិន នឹងកាន់តែរឹងមាំថែមទៀតដើម្បីជម្រុញការវិនិយោគឱ្យកាន់តែខ្លាំងក្លា។
ជាចុងក្រោយ លោកបញ្ជាក់ថា នៅខែមេសា ឆ្នាំ២០១៨ខាងមុខនេះ សភាពាណិជ្ជកម្មចិន នឹងបង្កើតវេទិកាវិនិយោគមួយនៅទីក្រុងភ្នំពេញ ដើម្បីទាក់ទាញអ្នកវិនិយោគអោយងាកមកសំលឹងមើលខេត្តព្រះសីហនុ ជាគោលដៅវិនិយោគឱ្យបានកាន់តែធំថែមទៀត៕
មតិយោបល់