ស្ថាប័នរដ្ឋ-ឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចាប់ដៃគ្នាក្នុងការធ្វើកិច្ចសហការ នៅក្នុងយុទ្ធនាការ ភ្នំពេញស្អាត ដែលជាផ្នែកមួយនៃគម្រោង «ស្អាត» ក្នុងគោលបំណង ជំរុញ និងលើកកម្ពស់យន្តការបរិស្ថានស្អាត ដែលមានស្រាប់ និងដែលកំពុងអនុវត្តពីសំណាក់ប្រតិបត្តិករនានា ឲ្យមានប្រសិទ្ធភាពខ្ពស់មួយកម្រិតថែមទៀត។
យុទ្ធនាការនេះ នឹងប្រព្រឹត្តិទៅពេញមួយខែវិច្ឆិកា តាមរយៈយន្តការនៃការផ្សព្វផ្សាយ និងបញ្ជ្រាបការអប់រំឲ្យបានទូលំទូលាយ ស្ដីពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមរយៈពាក្យស្លោក «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។
កម្មវិធីភ្នំពេញស្អាតត្រូវបានបង្កើតឡើងដោយ សហស្ថាបនិកចំនួន ៥រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា រួមមាន (១) លោក ជី សីលា អគ្គនាយប្រតិបត្តិក្រុមហ៊ុន Sabay Group (២) ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (៣) លោកស្រី ជា សុផល្លា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងអគ្គនាយប្រតិបត្តិក្រុមហ៊ុន Emerald Plus (៤) លោកស្រី ហេង ធីតា នាយកផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ CIMB Cambodia PLC និង (៥) លោក ហៃ ភិរម្យ នាយកផ្នែកយុទ្ធសាស្រ្តជំនួញប្រចាំប្រទេស ក្នុងតំបន់មេគង្គនៃក្រុមហ៊ុន Bosch។
លោកស្រី ជា សុផល្លា សហស្ថាបនិកនៃគម្រោងបានបញ្ជាក់ថា៖ «ភ្នំពេញស្អាតចាប់ផ្តើមចេញពីខ្លួនយើង។ ខ្ញុំមានសង្ឃឹមយ៉ាងមុតម៉ាំផងដែរថា យុទ្ធនាការនេះនឹងជួយកសាង និងបង្កើនទំនាក់ទំនង អោយកាន់តែស្អិតរមួតរវាងវិស័យឯកជន រាជរដ្ឋាភិបាល សមាគមន៍ អង្គការក៏ដូចជាជាមួយយុវជនសុឆន្ទៈ ស្អាត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ទៅថ្ងៃអនាគត។»
គំរោងភ្នំពេញស្អាត រួមមានកម្មវិធីជាច្រើន សម្រាប់ឲ្យស្ថាប័ននានា និងប្រជាពលរដ្ឋចូលរួម បង្ហាញ និងផ្សព្វផ្សាយបន្តនូវទងើ្វល្អៗដើម្បីផ្លាស់ប្តូរនូវគោលគំនិត ទម្លាប់ និងឥរិយាបថ ក្នុងការគ្រប់គ្រងសំរាម និងថែរក្សាបរិស្ថានស្អាត។
ឧទាហរណ៍ដូចជា សកម្មភាពសម្អាតជុំវិញផ្ទះរបស់ខ្លួន ហើយថតរូប ឬវីដេអូដើម្បីផ្សព្វផ្សាយបន្តលើបណ្តាញសង្គមរបស់ខ្លួន ដើម្បីបង្ហាញនូវគំរូ និងប្រជែងឲ្យញាតិមិត្រ្តរបស់ខ្លួនធ្វើដូច្នោះដែរ។
ឯកឧត្តម ហ៊ុន ម៉ានី សហស្ថាបនិកនៃគម្រោងបានបញ្ជាក់ថា៖ «ជាមួយនឹងយន្តការរបស់រាជរដ្ឋាភិបាលដែល មានស្រាប់ ខ្ញុំរំពឹងទុកថាយុទ្ធនាការ «ស្អាត» នឹងក្លាយជាដំណោះស្រាយមួយផ្នែកបន្ថែមទៀត ចំពោះបញ្ហាសំរាមនៅកម្ពុជា ជាពិសេសការអប់រំប្រជាជន យុវជន និងកុមារអោយចូលរួមគិតពីបញ្ហា និងចូលរួមជាផ្នែកមួយនៃដំណោះស្រាយ ជាជាងការិះគន់ ប៉ុន្តែមិនចូលរួមជាសកម្មភាព ដែលរួមមានការផ្សព្វផ្សាយជាដើម។»
ក្រោមការគាំទ្ររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្តី្រក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីភ្នំពេញពេញស្អាត ក៏បានសហការជាមួយស្ថាប័នអប់រំរដ្ឋ និងឯកជនដែលរួមមានសាលាចំនួន ៤០ សម្រាប់ការអប់រំផ្នែកបរិស្ថាននេះដោយនិរន្តរភាព។
កម្មវិធីនេះក៏បង្កើតឲ្យមាននូវ ទិវាភ្នំពេញស្អាត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះដើម្បីបូកសរុបលទ្ធផលនៃកម្មវិធីរយៈពេលពេញមួយខែនេះ ដ៏ដូចជាកំណត់គោលដៅសម្រាប់ជំហានបន្ទាប់នៅ ឆ្នាំក្រោយៗទៀត។
គំរោងភ្នំពេញស្អាតមានការចូលរួម និងគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ សភាពាណិជ្ជកម្មកម្ពុជា សមាគម្មសហគ្រិនស្ត្រីកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុប សភាពាណិជ្ជកម្ម ចក្រភពអង់គ្លេស
សមាគមសហគ្រិនវ័យក្មេង និងសមាគមនិស្សិតវិទ្យាសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជសាស្រ្តអន្តរជាតិនៅកម្ពុជា (AIESEC)។ កម្មវិធីនេះក៏ទទួលបានការឧបត្ថមពីក្រុមហ៊ុន Smart Axieta ក្រុមហ៊ុនSabay Group ក្រុមហ៊ុនCoca Cola ក្រុមហ៊ុន Metfone ក្រុមហ៊ុន Emerald Plus និងសហការឧត្ថមដោយក្រុមហ៊ុន Domino Pizza ក្រុមហ៊ុនTous Les Jours ក្រុមហ៊ុនLotteria និងចូលរួមដោយក្រុមហ៊ុនBacchus ក្រុមហ៊ុនMajor Cineplex និងក្រុមហ៊ុនNagaWorld៕
មតិយោបល់