មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្ដិធម៌បានប្រកាសថា កម្ពុជានឹងមាន ច្បាប់ពរពោះជំនួស ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មមនុស្ស ស្របពេលដែលសេចក្ដីពង្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រសួងយុត្តិធម៌ ដែលត្រៀមបើកកិច្ចពិភាក្សា ជាមួយអន្តរក្រសួងក្នុងពេល ឆាប់ៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានជាតិ។
អ្នកនាំពាក្យយុត្តិធម៌បានប្រកាសថា ក្រសួងនឹងបញ្ជូនសេចក្ដីពង្រាងច្បាប់ពរពោះជំនួសនេះ ទៅក្រសួង កិច្ចការនារី ដើម្បីឱ្យពិនិត្យលើលក្ខណៈបច្ចកទេសឡើងវិញ មុននឹងដាក់ចូលក្នុងកិច្ចប្រជុំអន្ដរក្រសួង។
ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ច្បាប់ស្ដីពីការពរពោះជំនួសនេះ ត្រូវបានបញ្ចប់សេចក្ដីព្រាងបឋមរួចរាល់ហើយ ប៉ុន្ដែនៅសល់ការពិនិត្យឡើងវិញនូវខ្លឹមសារ ពាក្យពេជន៍ច្បាប់មួយចំនួន ដើម្បីឱ្យមានអត្ថន័យ និងខ្លឹមសារ គ្រប់ គ្រាន់។
ការធ្វើច្បាប់ពរពោះជំនួសនេះ គឺស្របទៅតាមបរិបទ សង្គមនាពេលបច្ចុប្បន្ន ហើយប្រសិនបើកម្ពុជាមិនមានច្បាប់ក្នុងការគ្រប់គ្រងនោះទេ បញ្ហាពរពោះជំនួសនេះ វានឹងក្លាយទៅជា ផលអវិជ្ជមាន និងប៉ះពាល់ដល់ស្រ្ដី និងកុមារក្នុង ករណីនៃការបម្រើចេតនា ក្នុងវិស័យពាណិជ្ជកម្ម និងការជួញដូរមនុស្ស។
ករណីពរពោះជំនួបនេះ កន្លងមក បានកើតឡើងនៅកម្ពុជា និងបណ្ដាមួយចំនួន ក្នុងតំបន់និងពិភពលោក ដែលកម្ពុជាត្រូវតែមានច្បាប់នេះ ដើម្បីការពារផលប្រយោជន៍ដល់ស្រ្ដី និងកុមារកម្ពុជា ជាពិសេសធានាឱ្យមានសណ្ដាប់ធ្នាប់សង្គម។
សូមបញ្ជាក់ថា ច្បាប់ស្ដីពីការពរពោះជំនួសនេះ ត្រូវបានក្រសួងយុត្ដិធម៌ពិនិត្យរួចរាល់ ហើយដែលមាន ៩ជំពូក និង៦២មាត្រា ដែលមានក្រុមការងារបច្ចេកទេសអន្ដរក្រសួង ធ្វើការពិនិត្យឡើងវិញ និងសម្រេចជាចុងក្រោយ មុននឹងដាក់ជូនទៅគណៈរដ្ឋមន្រ្ដី៕
មតិយោបល់