ព័ត៌មានសេដ្ឋកិច្ច

វិញ្ញាបនបត្រស្តង់ដារ អាហារហាឡាល ប្រកាសដំណើរការជាផ្លូវការ នៅកម្ពុជា

វិញ្ញាបនបត្រស្តង់ដារ អាហារហាឡាល ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅកម្ពុជា ដោយក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញនេះ។

ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់ ម្ចាស់ក្រុមហ៊ុន និងពាណិជ្ជករទាំងអស់ អាចដាក់ពាក្យស្នើសុំប្រើប្រាស់និមិត្តសញ្ញាហាឡាលនេះ ដែលអាចជួយជម្រុញផលិតផលខ្មែរហាឡាល ទាំងទីផ្សារក្នុងស្រុក និងទៅទីផ្សារក្រៅប្រទេស។

ការប្រើប្រាស់និមិត្តសញ្ញាផ្ទាល់ខ្លួន គឺល្អប្រសើរជាងប្រើប្រាស់និមិត្តសញ្ញាពីប្រទេសដទៃទៀត ហើយនិមិត្តសញ្ញានេះ ត្រូវបានសិក្សា និងអភិវឌ្ឍន៍ឡើង អស់រយៈពេលជាង ៨ឆ្នាំហើយ។

នៅក្នុងស្តង់ដារហាឡាល់ មានលក្ខណៈពិសេសជាច្រើនផ្នែកផ្សេងទៀត ដែលស្តង់ដារផ្សេងៗ ភាគច្រើនអត់សូវកំណត់ជាលក្ខខណ្ឌដូចជាសារធាតុឈាម សារធាតុគ្រឿងស្រាវឹង និងសារធាតុសាច់ជ្រូកជាដើម ដែលសារធាតុនេះ គឺជាចំណុចសំខាន់ ហើយស្តង់ដារហាឡាល បានតម្រង់ជាគោលដៅសំខាន់ជាងគេ និងត្រួតពិនិត្យតាមលក្ខណៈវិទ្យាសាស្រ្ត ហាឡាល់ដ៏ត្រឹមត្រូវ អនុលោមតាមគោលការណ៍ឥស្លាម។

ជាបឋម ក្រុមជំនាញ នឹងធ្វើការចុះអង្កេត និងវាយតម្លៃលើ ផលិតផលនាំចេញ និងភោជនីយដ្ឋាន ជាមុនសិន។

គួរជម្រាបដែរថា ការបង្កើតនិមិត្តសញ្ញាហាឡាលកម្ពុជានេះ នឹងជួយជម្រុញដល់ការនាំចេញផលិតផលហាឡាលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងអាចទាក់ទាញភ្ញៀវទេសចរណ៍មូស្លីម មកកម្ពុជាកាន់តែច្រើនឡើងថែមទៀត៕

មតិយោបល់