ថៃ: ឧស្សាហកម្មទេសចរណ៍ថៃ នឹងរងផលប៉ះពាល់យ៉ាងខ្លាំងនៅតាមកន្លែងលេងមាត់សមុទ្រ ហាង សណ្ឋាគារនិងភោជនីយដ្ឋាននានានៅប្រទេសថៃ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក ប្រមាណជិត១០គ្រាប់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរងរបួសប្រមាណ៣៥នាក់ កាលពីថ្ងៃទី១២ សីហា ម្សិលមិញនេះ រីឯកងកម្លាំងសន្តិសុខ បានផ្តល់យោបល់ដល់ប្រជាជនឱ្យស្នាក់នៅក្នុងសណ្ឋាគាររបស់ពួកគេផងដែរ។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៣ សីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែក កាលពីថ្ងៃម្សិលមិញនេះ ចំថ្ងៃប្រារព្ធពិធីខួបកំណើតរបស់ព្រះមហាក្សត្រីយានី និងក៏ជាថ្ងៃបុណ្យម្ដាយនៅប្រទេសថៃផងដែរ។
ការបំផ្ទុះគ្រាប់បែកនេះគឺជាផ្នែកមួយនៃការវាយប្រហារទៅលើតំបន់មាត់សមុទ្រ រមណីយដ្ឋានល្បីឈ្មោះក្នុងពិភពលោកនៅភាគខាងត្បូងប្រទេសថៃ ដែលអាចធ្វើឱ្យខូចដល់គោលដៅរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ទាក់ទងនឹងការទាក់ទាញភ្ញៀវទេសចរ ៣២លាននាក់ ពោលគឺក្នុងកម្រិតខ្ពស់បំផុតនៅឆ្នាំ២០១៦។
វិស័យទេសចរណ៍គឺជាវិស័យមួយនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ មាន១០ភាគរយនៃសេដ្ឋកិច្ចជាតិ ដែលបានជួបការលំបាកនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលយោធា ដែលបានរឹបអូសយកអំណាចពីរឆ្នាំមុន។ ស្ថានទូតក្នុងប្រទេសថៃ បានព្រមានពលរដ្ឋរបស់ខ្លួនឱ្យប្រុងស្មារតី កាលថ្ងៃសុក្រ និងបានព្រមានថា អាចនឹងមានការវាយប្រហារជាច្រើនទៀត។
លោក Ittirit Kinglek ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានប្រាប់រ៉យទ័រថា «វាជារឿងអាក្រក់ណាស់សម្រាប់សេដ្ឋកិច្ចថៃ ហើយឥឡូវនេះ យើងមានឧប្បត្តិហេតុទាំងនេះ»។ «វាពិតជានឹងមានផលប៉ះពាល់លើវិស័យទេសចរណ៍ហើយ ប៉ុន្តែវាឆាប់ពេកក្នុងការប៉ាន់ប្រមាណពីរបៀប ដែលវានឹងប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរនិងប្រាក់ចំណូល»។
ប៉ូលិសនិងក្រុមអ្នកវិភាគផ្នែកសន្តិសុខនិយាយថា គ្មានក្រុមណាមួយបានប្រកាសទទួលខុសត្រូវ បើទោះបីជាការសង្ស័យអាចធ្លាក់ទៅលើពួកឧទ្ទាម មកពីបណ្តាខេត្តមូស្លីម ភាគច្រើននៅភាគខាងត្បូងប្រទេសថៃ។
ភ្ញៀវទេសចរអូស្រ្តាលីជាង ៨០០.០០០នាក់ ទៅកាន់ប្រទេសថៃនៅក្នុងឆ្នាំ២០១៥។ ប្រទេសចិនធំជាងគេតែមួយគត់ដែលជាប្រភពភ្ញៀវទេសចរទៅកាន់ប្រទេសថៃ មានភ្ញៀវទេសចរចំនួនជិត ៨លាននាក់នៅឆ្នាំ២០១៥។ កាលពីឆ្នាំ២០១៥ ភ្ញៀវទេសចរសរុបទៅលេងថៃមានចំនួនប្រមាណជិត ៣០លាននាក។ ហើយចំនួនភ្ញៀវទេសចរធ្លាក់ចុះជាងពាក់កណ្តាលមួយលាននាក់ នៅក្នុងខែនេះ។
សូមបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់បែកមួយនៅទីសក្ការៈបូជាសាសនាហិណ្ឌូ ក្នុងចំណោមផ្សារទំនើបនិងសណ្ឋាគារប្រណិតនៅកណ្តាលទីក្រុងបាងកក បានសម្លាប់មនុស្ស ២០នាក់និងរបួសជាង ១២០នាក់ កាលពីខែសីហា ឆ្នាំ២០១៥។ ដោយឡែក កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០១៦ម្សិលមិញនេះ ក៏មានករណីបំផ្ទុះគ្រាប់បែកមនុស្សស្លាប់និងរបួសជាង ៣៥នាក់៕




មតិយោបល់