ព័ត៌មានសេដ្ឋកិច្ច

ចិន នឹងបន្តវិនិយោគមក កម្ពុជា ក្រោយឈរលំដាប់លេខ ១ រយៈពេល ៥ឆ្នាំជាប់គ្នា

ប្រទេសចិន នឹងនៅតែបន្តវិនិយោគមកកម្ពុជាបន្ថែមទៀត ក្រោយពេលឈរលំដាប់លេខ ១ រយៈពេល ៥ឆ្នាំជាប់ៗគ្នា គិតចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៧ ដែលបានបោះទុនវិនិយោគផ្ទាល់ពីបរទេស នៅកម្ពុជា។

ក្នុងរយៈពេល ៥ឆ្នាំនេះ ចិន បានវិនិយោគប្រមាណជាង ៥ពាន់លានដុល្លារ ឬប្រមាណ ១ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយការវិនិយោគ នឹងបន្តកើនឡើងក្នុងវិស័យធនាគារ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម។

ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងលោក សុខ ណារិន តំណាង​ប្រចាំ​ប្រទេស​នៃអង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) និង​លោក Cheng Qingtao អនុប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​ចិន បាន​ដឹកនាំវេទិកា​ធុរកិច្ច ​និង​វិនិយោគ​កម្ពុជា-ចិន ឆ្នាំ២០១៨។

វេទិកានេះ ​មាន​ការ​ចូល​រួមពី​សំណាក់​ថ្នាក់​ដឹកនាំ និង​តំណាង​ក្រសួង ស្ថាប័នកម្ពុជា​ដែល​ពាក់ព័ន្ធ, តំណាង​សមាគមរោងចក្រកាត់​ដេរនៅកម្ពុជា, ព្រមទាំង​ថ្នាក់ដឹកនាំ និងមន្ត្រី​នៃ​សភាពាណិជ្ជកម្ម​អន្តរជាតិ​ចិន, ក្រុម​ប្រឹក្សា​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន,​ UNIDO Green Industry Platform China Chapter Office និងតំណាងក្រុម​ហ៊ុនចិនចំនួន​ប្រមាណ ៤០ក្រុម​ហ៊ុន ដើម្បី​សិក្សា​ស្វែងយល់​​ពីកាលានុវត្ត​ភាព និង​សក្ដានុពល​ធុរកិច្ច និ​ងវិនិយោគ​នៅកម្ពុជា។

វេទិកា​នេះ បាន​ផ្ដល់​នូវ​ឱកាសសម្រាប់​ការជួប​​ពិភាក្សាគ្នា​រវាង​ក្រុម​ហ៊ុន​ដែលកំពុងមាន​សកម្មភាព​នៅ​កម្ពុជា ជាមួយ​នឹង​ក្រុម​ហ៊ុន​ចិន​ដែល​មាន​ចំណាប់អារម្មណ៍ និងកំពុង​ស្វែងរកលទ្ធភាព​ធ្វើ​ធុរកិច្ច​ និង​វិនិយោគ​នៅ​កម្ពុជា ដោយ​ផ្ដោតលើ​វិស័យអាទិភាព​មួយចំនួន ដូចជា ​កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធនិងភស្តុភារកម្ម និងថាមពល ជាដើម៕

មតិយោបល់