ព័ត៌មានជាតិ

ថ្លើមធំ! យកកាំបិតផ្គាក់ កាប់នាយប៉ុស្តិ៍ស្តីទីព្រែកព្នៅ ដាច់ដៃម្ខាង

ភ្នំពេញៈ លោកនាយប៉ុស្តិ៍ស្តីទីប៉ុស្តិ៍ព្រែកព្នៅម្នាក់ បានរងរបួសដាច់ដៃម្ខាង ខណៈដែលចុះទៅអន្តរាគមន៍ជនសង្ស័យម្នាក់កំពុងបែកថ្នាំអុកឡុកក្នុងក្នុងគ្រួសារ ហើយបានស្ទុះយកកាំបិតផ្គាក់មកកាប់ទាំងកម្រោលបណ្តាលឲ្យរងរបួសបែបនេះ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ចំណុចផ្ទះគ្មានលេខផ្លូវជាតិ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការកាប់អវយវៈឬពិការភាព និងប្រឆាំងនឹងអ្នករាជការសាធារណៈជនសង្ស័យម្នាក់ឈ្មោះ អំ ដាលីន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ឹម រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលជាតិ(នាយប៉ុស្តិ៍ព្រែកព្នៅស្តីទី)មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រងរបួសដាច់កដៃខាងឆ្វេងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកវរៈសេនីឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ជនសង្ស័យខាងលើញៀនជាច្រើនឆ្នាំមកហើយ ក្រុមគ្រួសារបានប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចាប់ខ្លួនជាបន្តបន្ទាប់ បញ្ជូនទៅមណ្ឌលកែប្រែចំនួនបួនលើក ហើយនៅលើកចុងក្រោយបញ្ជូនទៅមណ្ឌលកែប្រែព្រៃស្ពឺ ហើយជនសង្ស័យបានលួចរត់ចេញពីមណ្ឌលបានមួយថ្ងៃ។ លោកបានបន្តទៀតថាបន្ទាប់ពីជនសង្ស័យរត់ចេញពីមណ្ឌលកែប្រែចូលផ្ទះបានមួយថ្ងៃបានយកកាំបិតដំបងពូថៅគំរាមវាយឪពុកម្តាយបងប្អូន បណ្តេញឲ្យចេញពីផ្ទះហើយត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបានរាយការណ៍មកប្រាប់លោកថា មានករណីដូចខាងលើ ភ្លាមៗនោះលោកក៏បានបញ្ជាកម្លាំងនិងដឹកនាំផ្ទាល់ចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ខណៈដែលលោក អ៊ឹម រិទ្ធី ទៅដល់ផ្ទះកើតហេតុដោយស្ថានយប់ងងឹតស្រាប់តែជនសង្ស័យស្ទុះយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យដាច់កដៃខាងឆ្វេង។ ភ្លាមៗនោះប្រជាពលរដ្ឋដែលឈរមើលនៅក្បែរនោះក៏បាននាំគ្នាមកជួយឃាត់ជនសង្ស័យនិងបានវាយជនសង្ស័យបណ្តាលឲ្យបែកក្បាលហូរឈាមនឹងបានប្រគល់ឲ្យកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។ ចំណែកឯជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនិងក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីព្យាបាល។
ចំពោះសម្ភារៈដែលសមត្ថកិច្ចដកហូតបានមានកាំបិតផ្គាក់ដងឈើមួយដើម។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

https://youtu.be/s1TAQbyScBc

មតិយោបល់