ព័ត៌មានសេដ្ឋកិច្ច

ចំណតក្រោមដី ៣០០ចំណត ជម្រៅ ២ជាន់ នឹងបញ្ចប់នាពេលឆាប់ៗខាងមុខ

ចំណតក្រោមដី ៣០០ចំណត ជម្រៅ ២ជាន់ អាចនឹងបញ្ចប់ការសាងសង់ នាពេលឆាប់ៗខាងមុខនេះ។

លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ បានលើកឡើងថា ការសាងសង់ចំណតក្រោមដីនេះ នឹងជួយដោះស្រាយដល់បញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង ដូច្នេះ ការរៀបចំចំណតក្រោមដី ជាមធ្យោបាយល្អមួយ ក្នុងការចូលរួមចំណែកកាត់បន្ថយការកកស្ទះ។

សាលារាជធានីភ្នំពេញ កំពុងត្រួតពិនិត្យលក្ខណៈបច្ចេកទេស គម្រោងរៀបចំចំណតរថយន្តក្រោមដី និងកន្លែងសេវាកម្មផ្សេងៗទៀត ដែលស្ថិតលើចន្លោះផ្លូវ ១០៦, ១០៨, ១៣, ១៩ ក្នុងសង្កាត់វត្តភ្នំ។

លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ និង ក្រុមហ៊ុន អ៊ីឌីស៊ីយូតា ខេមបូឌា ខូអិលធីឌី ក៏បានពិភាក្សាគ្នាអំពី ប្លង់បច្ចេកទេសគម្រោងនេះ ដែលត្រូវបានសម្រេចទទួលយក តែក្រុមហ៊ុនត្រូវតែសិក្សាបន្ថែមអំពី ស្ថានភាពទីតាំងឲ្យបានច្បាស់លាស់ ដូចជាប្រព័ន្ធទឹកស្អាត អគ្គិសនី ប្រព័ន្ធលូសាធារណៈដែលកប់ក្រោមដីជាដើម។

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏ត្រូវសិក្សាពី សោភ័ណភាពផ្នែកខាងលើឲ្យមានភាពទាក់ទាញ និងសិក្សាបន្ថែមនូវផលប៉ះពាល់គ្រោះថ្នាក់ដោយធម្មជាតិ ដូចជាទឹកជំនន់ ដើម្បីបង្ការទុកនូវ បញ្ហាដែលមិនអាចដឹងជាមុន។

គួរបញ្ជាក់ដែរថា គម្រោងនេះ ស្ថិតនៅពីមុខព្រះសក្សមុនីចេតិយ៍ ចន្លោះអគារកាណាឌីយ៉ា និងអគារវឌ្ឍនៈ៕

មតិយោបល់