ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ជម្រុញពង្រីកការប្រើប្រាស់ និងស្វែងរកទីផ្សារនាំចេញ ម្រេចកំពត នៅប្រទេសស្វីស

កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាជាមួយសមាគមផលិតករ LA MAISON DU GRUYÈRE លោក M. Eric Thevenod ទីប្រឹក្សាផ្នែកម៉ាកសម្គាល់ភូមិ​សាស្ត្រទំនិញនៃវិទ្យាស្ថានកម្មសិទ្ធិបញ្ញា លោក Georges Magnin តំណាងភោជនីយដ្ឋាន នៃសហព័ន្ធស្វីស ដើម្បីពង្រីកការប្រើប្រាស់ និងស្វែងរកទីផ្សារនាំចេញ​«ម្រេចកំពត» ឲ្យបានកាន់តែទូលំទូលាយថែមទៀត។

ឯកឧត្តម ក៏បានអញ្ជើញទស្សនាខ្សែចង្វាក់ផលិតកម្មឈីស LA GRUYÈRE ដែលជាឈ្មោះប្រភពដើមទំនិញបានការពារ និងមានកិត្តិនាមល្បីល្បាញ ដើម្បីស្វែងយល់ពីការអនុវត្ត និងស្រង់យកបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍភូមិមួយផលិតផលមួយ ការបង្កើតការងារ ការទាក់ទាញភ្ញៀវទេសចរ និងការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក តាមរយៈការប្រើប្រាស់ឈ្មោះប្រភពដើមទំនិញ ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៃសហព័ន្ធស្វីសផងដែរ។

ឆ្លៀតយកឱកាសនៃការកែច្នៃបង្កើតផលិតផលឈីសប្រភេទថ្មីរបស់សមាគមផលិតករ LA MAISON DU GRUYÈRE ខាងលើ ឯកឧត្តម ប៉ាន សូរស័ក្តិ បានពិភាក្សាជាមួយអ្នកពាក់ព័ន្ធខាងលើ ដើម្បីបញ្ចុះបញ្ចូលឲ្យសមាគមបែរមកប្រើប្រាស់ «ម្រេចកំពត» ជាធាតុផ្សំក្នុងការផលិតឈីសប្រភេទថ្មីនេះវិញ ហើយជាការឆ្លើយតបសមាគមបានសន្យា​ធ្វើការពិចារណា និងឆ្លៀតពេលមកទស្សនាចំការម្រេចកំពត ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងលក្ខណៈពិសេសរបស់ម្រេចកំពតទៀតផង។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា បើ «ម្រេចកំពត» ត្រូវជ្រើសរើសជាធាតុផ្សំក្នុងការផលិតឈីសប្រភេទថ្មីបន្ថែមទៀតនោះ ទីផ្សារនាំចេញ «ម្រេចកំពត» នឹងកាន់តែរីកធំធាត់ថែមទៀត ដែលនឹងចូលរួមចំណែកលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរឡើងបានមួយកម្រិតទៀត។

សូមបញ្ជាក់ថា ប្រវត្តិនៃឈ្មោះប្រភពដើមទំនិញ “LA GRUYÈRE” នេះ បានកកើតឡើងតាំងពីឆ្នាំ ១១១៥ រហូតមក ដែលមានកិត្តិនាមល្បីល្បាញប្រកបដោយសក្តានុពល​ក្នុងការផលិតឈីស (Cheese) ចេញពីទឹកដោះគោ ក្នុងបរិមាណ ២៩០០០​តោន ក្នុងមួយឆ្នាំ ដែលការសម្ងាត់ និងវិធីសាស្ត្រក្នុងការផលិតបានផ្ទេរពីជំនាន់មួយ​មក​ជំនាន់មួយក្នុងស្រុក LA GRUYÈRE នៃសហព័ន្ធស្វីសឈីស។

ផលិតឈីសឈ្មោះ LA GRUYÈRE នេះ បានផលិតឡើងដោយប្រើប្រាស់ទស្សនទាន និងប្រព័ន្ធវិញ្ញាតកម្មនៃឈ្មោះប្រភពដើមទំនិញ ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលផ្សារភ្ជាប់នឹងតំបន់ភូមិសាស្ត្រទំនិញ ទឹកដី ធាតុអាកាស កត្តាមនុស្ស និងចំណេះជំនាញជាលក្ខណៈប្រពៃណី ព្រមទាំងបានធ្វើទំនើបកម្មជាមួយបច្ចេកវិទ្យាសម័យទំនើបខ្លះៗប៉ុណ្ណោះ ទើប​ផលិតផលឈីសឈ្មោះ LA GRUYÈRE នេះមានលក្ខណៈពិសេស និងកិត្តិនាមល្បីល្បាញដែលអតិថិជនទទួលស្គាល់ និងនិយមបរិភោគរហូតមក។

ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ការជំរុញ និងកែច្នៃផលិតផលដែលមានលក្ខណៈពិសេស និងមានរសជាតិប្លែកៗ ដោយមានប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់លើគុណភាពផលិតផលក្នុងកម្រិតស្តង់ដារជាក់លាក់ណាមួយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារអន្តរជាតិ ដែលអតិថិជនមានជីវភាពកាន់តែប្រសើរឡើងចង់បានអ្វីដែលប្លែកៗមកប្រើប្រាស់ និងបរិភាគនោះ សមាគមផលិតករ LA MAISON DU GRUYÈRE ទើបតែកែច្នៃបង្កើតផលិតផលឈីសប្រភេទថ្មី ដោយប្រើប្រាស់ម្រេចជាធាតុផ្សំមួយសំខាន់ក្នុងការផលិតរបស់ខ្លួន ដែលមានរសជាតិប្លែកថ្មីមួយទៀត៕

មតិយោបល់