ព័ត៌មានសេដ្ឋកិច្ច

ADB ផ្តល់កម្ចី ៧០លានដុល្លារ កែលម្អផ្លូវជាតិ ១៤៧គ.ម. នៅខេត្តចំនួន ៣

ក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ៧០ លានដុល្លារអាមេរិក ដើម្បីជួយធ្វើឲ្យ​វិស័យគមនាគមន៍​ និង ដឹកជញ្ជូនក្នុង​ប្រទេសកម្ពុជា កាន់តែ​មាន​ប្រសិទ្ធភាព សុវត្ថិភាព និង​ធន់​នឹង​គ្រោះ​មហន្តរាយ ជាពិសេស ការកែលម្អផ្លូវជាតិ ក្នុង​ខេត្ត​ព្រៃវែង សៀមរាប និងស្វាយរៀង ដែល​ជា​ខេត្ត​ស្ថិត​នៅ​តាមបណ្តោយច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង នៃមហាអនុតំបន់ទន្លេមេគង្គ (GMS)។

អ្នកស្រី Oyunchimeg Erdene អ្នកឯកទេសជាន់ខ្ពស់ផ្នែកគមនាគមន៍នៃធនាគារអភិវឌ្ឍន៍អាស៊ី មាន​ប្រសាសន៍ថា «នៅកម្ពុជា ផ្លូវថ្នល់គឺជាប្រភេទគមនាគមន៍​ចម្បងជាងគេ ដែល​ធ្វើឲ្យ​ការដឹកជញ្ជូនផ្លូវថ្នល់មានសារៈសំខាន់ ​ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រៅពីកែលំអ​ផ្លូវថ្នល់​ដែលមានស្រាប់នៅក្នុងខេត្ត​គោលដៅទាំងបី គម្រោងនេះក៏នឹងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់ផងដែរ។»

មាន​ផ្លូវជាតិ និង​ផ្លូវខេត្តប្រវែងជាង ១៥,៤០០គីឡូម៉ែត្រ ដែលស្ថិត​ក្រោម​ការ​គ្រប់គ្រងរបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវការ​ជួសជុល និង​ស្តារ​ឡើងវិញ ដើម្បីលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាពិសេស ជាមួយបណ្តាប្រទេសជិតខាងរបស់ខ្លួន នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។

គម្រោងកែលម្អបណ្តាញផ្លូវថ្នល់នេះ នឹងកែលម្អកំណាត់​ផ្លូវជាតិ​ប្រវែង ១៤៧គីឡូម៉ែត្រ ដែលជា​កំណាត់​ផ្លូវគ្មានសុវត្ថិភាព និងងាយ​លិច​លង់​ដោយសារ​ទឹកជំនន់ ហើយ​ក្នុង​ពេល​ជាមួយគ្នា ក៏ជួយ​ឲ្យ​ផ្លូវនេះ​អាច​តភ្ជាប់​ទំនាក់ទំនង​គ្រប់រដូវកាល និងធន់ទៅ​នឹងអាកាសធាតុ។

គម្រោង​នេះ​នឹងបង្កើនសមត្ថភាពរបស់រាជរដ្ឋាភិបាល ដែល​មានក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ជា​សេនាធិការ ក្នុង​ការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់របស់ខ្លួនឱ្យបានកាន់តែប្រសើរ តាមរយៈការ​កែលំអ​ការ​ប្រើប្រាស់ និងការថែទាំ។ លើសពីនេះទៀត គម្រោងនេះក៏នឹងជួយបង្កើន​ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសុវត្ថិភាព​ចរាចរណ៍ និង​ច្បាប់​ចរាចរណ៍​ផងដែរ។

គួរជម្រាបដែរថា ធនាគារនេះ ជាកម្មសិទ្ធិរបស់សមាជិកចំនួន ៦៧ប្រទេស ហើយក្នុង​ឆ្នាំ ២០១៦ ធនាគារអភិវឌ្ឍន៍អាស៊ី​​ផ្តល់​ជំនួយសរុប​ក្នុង​ទឹកប្រាក់ ៣១.៧ពាន់​លាន​ដុល្លារ ក្នុង​នោះ​ ១៤ពាន់​លាន​ដុល្លា ជា​សហហិរញ្ញប្បទាន៕

មតិយោបល់