ព័ត៌មានសេដ្ឋកិច្ច

អាកាសចរណ៍ល្បីបំផុត Emirates បើកជើងហោះហើរជារៀងរាល់ថ្ងៃ រវាងភ្នំពេញ-ឌូបៃ

ក្រុមហ៊ុនអាកាសចរណ៍ល្បីបំផុត Emirates បានសម្រេចបើកជើងហោះហើរជារៀងរាល់រវាង ភ្នំពេញ-ឌូបៃ ដែលនឹងចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ​ ២០១៧ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Emirates កាលពីម្សិលមិញនេះ។

ភ្នំពេញ នឹងក្លាយជាគោលដៅថ្មីបំផុតរបស់ Emirates ដែលនឹងចាប់ផ្តើមប្រតិបត្តិការ នៅខែកក្កដា ខាងមុខនេះ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 777-300ER។

ជើងហោះហើរចេញពី ទីក្រុងឌូបៃ នឹងចុះចតនៅទីក្រុងសៃហ្គន ប្រទេសវៀតណាម មុននឹងមកដល់ទីក្រុងភ្នំពេញ ដែលអនុញ្ញាតឲ្យមានជើងហោះហើរពី ឌូបៃ មក ហាណូយ ដោយផ្ទាល់ មិនចាំចុះចតនៅ សៃហ្គន។

ជើងហោះហើរថ្មីនេះ នឹងបង្កើតឲ្យមានជើងហោះហើរត្រង់រវាង ភ្នំពេញ-សៃហ្គន ផងដែរ ហើយការនាំចេញទំនិញ សំលៀកបំពាក់ពីភ្នំពេញ ទៅកាន់ឌូបៃ ក៏ត្រូវបានរំពឹងថា កើនឡើងច្រើនផងដែរ។

គួរជម្រាបដែរថា កត្តាដែលគួរឲ្យចាប់អារម្មណ៍ពី កម្ពុជា គឺប្រាសាទអង្គរវត្ត គោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ព្រមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ស្ថានីយអ្នកដំណើរព្រលានយន្តហោះភ្នំពេញអន្តរជាតិ និងការព្យាករណ៍ទទួលកំណើនភ្ញៀវទេសចររហូតដល់ ៨លាននាក់ ត្រឹមឆ្នាំ ២០២០៕

មតិយោបល់