ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីបានសន្យាថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើ គ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យនយោបាយ និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងនេះ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ដែលនឹងនាំឱ្យមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសទាំងពីរទៅវិញទៅមកនិងមានការចុះកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត ព្រមទាំងកិច្ចសហការប្រតិបត្តិការលើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវិស័យវប្បធម៌ ដើម្បីធ្វើយ៉ាងណា ឱ្យទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរមានសន្ទុះកាន់តែខ្លាំងឡើងថែមទៀត ក្នុងគោលដៅបង្កើនឱ្យដល់ ៥០០លានដុល្លារ នៅឆ្នាំ២០២០។
ទោះបីជាទីតាំង ភូមិសាស្ត្រប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែបេះដូងនៃប្រទេសទាំងពីរនៅជិតគ្នា ជាពិសេសប្រទេសទាំងពីរមានទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជា យូរមកហើយ។
លោកជំទាវក៏បានស្នើសុំការគាំទ្រពីព្រះរាជាណាចក្រកម្ពុជា ចំពោះសាធារណរដ្ឋតួកគី ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយនឹងអាស៊ានផងដែរ។
សម្តេចប្រមុខរដ្ឋស្តីទី សាយ ឈុំ បានមានជំនឿជឿជាក់ថា លោកជំទាវឯកអគ្គរដ្ឋទូតនឹងខិតខំបន្តរក្សាប្រពៃណីដ៏ល្អ នៃចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។
ទំនាក់ទំនងនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ លើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រ កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកជំទាវ ឯកអគ្គរដ្ឋទូតដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈាន ឡើងកម្រិតថ្មីមួយទៀត ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទៅវិញទៅមក៕
មតិយោបល់