ព័ត៌មានសេដ្ឋកិច្ច

បណ្ឌិត សំ ហេង ៖ ភាពក្រីក្រ មិនមែនជម្ងឺ តពូជ ប៉ុន្តែអាចព្យាបាលបាន

ភ្នំពេញ: មូលហេតុចម្បង ដែលធ្វើឲ្យមនុស្សមានភាពក្រីក្រ អាចដោយសារការបែងចែក ធនធានសំខាន់ៗក្នុងសង្គម សម្រាប់ការទ្រទ្រង់ជីវិត មិនមានភាពស្មើគ្នា និងដោយភាពមិនសមរម្យ ឬយ៉ាងណា? បច្ចុប្បន្ន សង្កេតឃើញថា ភាពក្រីក្រ គឺជាជំងឺរ៉ាំរៃ ក្នុងសង្គមគ្រួសារខ្មែរ មួយចំនួន កំពុងត្រូវការព្យាបាល ឱ្យទាន់ពេលវេលា គួរឱ្យព្រួយបារម្ភ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត សំ ហេង (Dr. SAM HENG) អគ្គនាយកក្រុមហ៊ុន Sam Business Groups Co.ltd (Authorized Marketing Intelligence Of Hero Baby Swiss and Spain) បានចូលរួមចែករំលែក នូវបទពិសោធន៍ជោគជ័យផ្ទាល់ខ្លួន ជុំវិញប្រធានបទ លើកឡើងថា ” តើភាពក្រីក្រ វាជាជំងឺ តពូជ? ” ដើម្បីផ្តល់ពុទ្ធិ ដ៏សំខាន់បំផុត ទាំងនៅក្នុងទ្រឹស្តី និងក្នុងការអនុវត្ត ជាក់ស្តែង សម្រាប់ការព្យាបាលជំងឺក្រីក្រ ចេញពីខ្លួនមនុស្សម្នាក់ៗ។

” ភាពក្រីក្រ មិនមែនជំងឺ តពូជ ប៉ុន្តែអាចព្យាបាលបាន ” នេះជាការលើកឡើងរបស់លោកបណ្ឌិត សំ ហេង បានមានប្រសាសន៍ថា៖ មុននឹងព្យាបាលជំងឺក្រីក្រ ត្រូវរកឱ្យឃើញ នូវមូលហេតុ នៃការនាំឱ្យក្រីក្រ ជាមុនសិន។ ហេតុផល ៥យ៉ាង ដែលបណ្តាលឱ្យក្រីក្រ គឺ ១.ក្រចំណេះដឹង (poor knowledge) ២.ក្របទពិសោធន៍ (poor experience) ៣.ក្រគំនិតគិតច្នៃប្រឌិត (poor innovation) ៤.ក្រអត្តចរិត និងមារយាទ (poor attitude and behavier) និង ៥.ក្រឱកាសធ្វើការ និងរកប្រាក់ (lack of opportunity) ហ្នឹងឯង។

ខណ:នេះ លោកអគ្គនាយកក្រុមហ៊ុន Sam Business Groups Co.ltd និងជាបុគ្គលជោគជ័យ រូបនេះ សូមលើកយក នូវចំណុចសំខាន់នីមួយៗ មកបកស្រាយ ដូចខាងក្រោម៖

១. ក្រចំណេះដឹង (poor knowledge): មនុស្សនៅលើពិភពលោក កំពុងចាប់អារម្មណ៍ និងខ្លាចបំផុត គឺក្រចំណេះដឹង ព្រោះបើក្រចំណេះដឹងហើយ គឺពិបាកណាស់ មិនអាចធ្វើអ្វីកើត សូម្បីអាន ឬសរសេរមិនកើត ចង់រៀនឱ្យមានបានបទពិសោធន៍ចេះដឹង ក៏មិនកើត។

២. ក្របទពិសោធន៍ (poor experience): ប្រសិនបើយើងក្រចំណេះដឹង សូម្បីអាន ឬសរសេរមិនកើត នឹងរៀនឱ្យមានបានបទពិសោធន៍ចេះដឹង យ៉ាងម៉េចនឹងបាន? ដោយហេតុថា ដើម្បីទទួលបាន នូវបទពិសោធន៍ ទាមទារឱ្យយើងមាន ទាំងចំណេះដឹង និងចំណេះធ្វើ អ៊ីចឹង ក្រចំណេះ បូក ក្របទពិសោធន៍ គឺគិតអ្វី ក៏មិនចេញ មើលអ្វីក៏មិនឃើញផ្លូវអនាគត នាំឱ្យ ក្រគំនិតគិតច្នៃ។

៣. ក្រគំនិតគិតច្នៃ (poor innovation): គំនិតគិតច្នៃ សំខាន់បំផុត ក្នុងការកសាងផ្លូវអនាគត ទាមទារឱ្យយើងមានចំណេះដឹង ដឹកនាំបទពិសោធន៍ ដើម្បីបង្កើតគំនិតច្នៃប្រឌិត ធ្វើយ៉ាងណា ឱ្យឆាកជីវិតរបស់យើង ចាកផុតពីភាពក្រីក្រ ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងបន្តភាពជោគជ័យ សម្រាប់ថ្ងៃអនាគត។

៤. ក្រអត្តចរិត និងមារយាទ (poor attitude and behavier): អត្តចរិត និងមារយាទរបស់មនុស្សម្នាក់ៗ គឺជាកត្តាសំខាន់យ៉ាងចម្បងបំផុត ប្រសិនបើយើងមាន ឬគ្មានចំណេះដឹង និងបទពិសោធន៍ ក្នុងការប្រើគំនិតគិតច្នៃ ប៉ុន្តែយើងខ្វះចំណុចនេះ នោះយើងជាមនុស្សយឺតយ៉ាវ ធ្វើការមិនទាន់ម៉ោង ដេកទ្រម៉ក់ក្រក្រោក ចរិតខ្ជិលច្រអូស យប់ឡើងផឹកស៊ីអួរទីនួរ គឺគេមិនយកធ្វើការទេ ទោះទៅសម្ភាសន៍ ក៏មិនជាប់ដែរ។

៥. ក្រឱកាសធ្វើការ និងរកប្រាក់ (lack of opportunity): បើសិនជាយើង ក្រចំណេះដឹង នោះយើងនឹងក្របទពិសោធន៍ បណ្តាលឱ្យក្រគំនិតគិតច្នៃ គួបផ្សំនឹងក្រអត្តចរិត និងមារយាទ បាត់បង់ឱកាសការងារ នាំឱ្យយើងក្រឱកាសរកប្រាក់ គឺជាហេតុផល នៃការក្រប្រាក់កាស ក្រធនធានឧបត្ថម្ភឱ្យគ្រួសារ ទើបគ្រួសារក្រីក្រ ដូច្នេះឯង។

ផ្ទុយទៅវិញ មនុស្សមួយចំនួន មានទាំង ចំណេះដឹង បទពិសោធន៍ គំនិតគិតច្នៃប្រឌិត អត្តចរិតមារយាទ និងឱកាសធ្វើការរកប្រាក់ហើយ ប៉ុន្តែនៅតែក្រ។ ឆ្ងល់មែនអត់? គឺមកពីមនុស្សទាំងនោះ តស៊ូមិនបានដល់កម្រិត ដូចជា គាត់ពូកែរៀន មិនរៀនពូកែ មានចំណេះដឹង មិនមានចំណេះធ្វើ មានតែសញ្ញាបត្រ អត់ជំនាញ ជាដើម។

គួរបញ្ជាក់ថា ភាពក្រីក្រ ជាទូទៅ ត្រូវបានគេកំណត់ នៅក្នុងលក្ខ័ណ្ឌជីវភាព នៃប្រជាជន ដែលមិនអាចបំពេញ នូវតម្រូវការចាំបាច់ ក្នុងការរស់នៅទូទៅ និងក្នុងការបំពេញមុខងារសង្គមបាន ខ្សែបន្ទាត់ នៃភាពក្រីក្រ អាចកំណត់នៅពេលដែលសមាជិកគ្រួសារ មិនមានធនធានគ្រប់គ្រាន់ (គណនាតាមរយ:ប្រាក់ចំណូល) ក្នុងការចូលរួមសកម្មភាពសង្គម និង សកម្មភាពកម្សាន្តសប្បាយផ្សេងៗ ដូចដែលមនុស្សនៅក្នុងសហគមន៍នោះ អាចទទួលបានជាទូទៅ ផងដែរ៕

Dr. Sam Heng-2

មតិយោបល់