ព័ត៌មានសេដ្ឋកិច្ច

ការដុតក្រដាសសែន លើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ត្រូវបានហាមឃាត់ជាដាច់ខាត

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ការដុតក្រដាសសែន នៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ត្រូវបានហាមឃាត់ជាដាច់ខាត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញផ្សាយនៅថ្ងៃនេះ។

ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត មិនអាចដុតនៅតាមចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈនោះទេ ដើម្បីចូលរួមបង្ការ គ្រោះថ្នាក់អគ្គិភ័យ ដែលអាចកើតមាន។

លើសពីនេះទៅទៀត បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្រ្កាន ចរន្តអគ្គិសនី ដែលអាចបង្កឲ្យមានគ្រោះថ្នាក់អគ្គិភ័យ កើតឡើងជាយថាហេតុ។

ចំពោះការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ការលេងល្បែងស៊ីសង ត្រូវបានហាមឃាត់ជាដាច់ខាត ហើយការដង្ហែក្បួនផ្សេងៗបែបសាសនា និងប្រពៃណី ត្រូវមានការអនុញ្ញាត។

គួរបញ្ជាក់ដែរថា ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តិល្មើស បង្កឲ្យមានចលាចលក្នុងសង្គម បាត់បង់ សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

មតិយោបល់