ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ជម្រុញឲ្យមានជើងហោះហើរត្រង់ អូស្រ្តាលី-កម្ពុជា

កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នឹងបានលើកឡើងថា សម្តេចតេជោ ចង់ឃើញការវិនិយោគពីអូស្ត្រាលីនៅកម្ពុជា អោយកាន់តែច្រើនឡើងថែម ជាពិសេសគឺសម្តេចតេជោ បានស្នើអោយពិចារណាក្នុងការបើកជើងហោះហើរកម្ពុជា-អូស្រ្តាលី ព្រោះនៅអូស្រ្តាលីក៏មានបងប្អូនខ្មែររស់នៅទីនេះប្រមាណ ៦ម៉ឺននាក់។

តាមរយៈជើងហោះហើរដោយត្រង់នេះ គឺនឹងនាំភ្ញៀវទេសចរអូស្រ្តាលី មកកំសាន្តនៅកម្ពុជាកាន់តែច្រើនឡើងជាមិនខាន។

លោក Jeremy Johnson បានបញ្ជាក់ថាលោកតែងតែជំរុញអោយមានឱកាសនៃការធ្វើពាណិជ្ជកម្មជាច្រើន ដែលនាំមកនូវផលប្រយោជន៍រវាងអាស៊ាន និងអូស្ត្រាលី ទន្ទឹមនឹងនេះដែរ លោកនឹងយកចិត្តទុកដាក់សិក្សាស្វែងយល់អោយកាន់តែច្បាស់អំពីឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសជាច្រើនដល់វិស័យឯកជន ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ម៉ាល់ខូម ថើនប៊ុល(Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រ្តាលី ដែលធ្វើឡើងនៅ មជ្ឍមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

លោកនាយរដ្ឋមន្រ្តីអូស្រ្តាលី Malcolm Turnbull ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយសន្យាបន្តផ្តល់ជំនួយ ៨៧លានដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងប្តេជ្ញាបន្តកិច្ចសហការជាមួយសម្តេចនាយករដ្ឋមន្រ្តី ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជាអោយកាន់តែមានសន្ទុះលឿនទៅមុខនឹងទទួលបានជោគជ័យ៕

មតិយោបល់