ព័ត៌មានសេដ្ឋកិច្ច

AIA ធានារ៉ាប់រងអាយុជីវិតធំជាងគេនៅអាស៊ី បើកសម្ពោធជាផ្លូវការ នៅកម្ពុជា

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេនៅអាស៊ី និងធំជាងគេលំដាប់លេខ ២ ទូទាំងពិភពលោក បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការនៅកម្ពុជា បានបើកសម្ពោធជាផ្លូវការ កាលពីម្សិលមិញនេះ។

ក្រុមហ៊ុននេះ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AIA Group Limited ដែលរំពឹងទទួលបានលទ្ធផលល្អ ពីទីផ្សារដ៏តូចនៅកម្ពុជា ដែលកំពុងរីកលូតលាស់យ៉ាងខ្លាំងក្លា។

លោក សំរឹទ្ធ មុនី នាយកនាយកដ្ឋានហិរញ្ញវត្ថុនៃក្រុមហ៊ុន AIA នៅកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន AIA កម្ពុជា នឹងផ្តល់សេវាធានារ៉ាប់រងពិសេសមួយ ដែលអាចបត់បែនទៅតាមតម្រូវការរបស់អតិថិជន ពោលគឺ អតិថិជន អាចជ្រើសរើសផលិតផលទៅតាមតម្រូវការ ដូចជា ពេលវេលា លក្ខខណ្ឌសង និងតម្លៃជាដើម។

អ្វីដែលធ្វើឲ្យសេវាធានារ៉ាប់រ៉ងរបស់ AIA ខុសប្លែកពីគេ គឺ ការការពារហិរញ្ញវត្ថុ និងសុខភាព នៅពេលអតិថិជន មានជម្ងឺ ដំណាក់កាលដំបូង រហូតដល់ធ្ងន់ធ្ងរ ដោយអតិថិជនអាចទទួលបានប្រាក់ សម្រាប់ព្យាបាលឲ្យបានប្រសើរឡើងវិញ។

គិតត្រឹមចុងឆ្នាំ ២០១៦ ក្រុមហ៊ុនមានទ្រព្យសរុប ១៨៥ពាន់លានដុល្លារអាមេរិក ដែលកំពុងបម្រើអតិថិជនជាង ៣០លាននាក់ និង ១៦លាននាក់ជាសមាជិក មកពីជុំវិញតំបន់។

លោក Richard Bates អគ្គនាយកក្រុមហ៊ុន AIA Cambodia បានលើកឡើងដែរថា ក្រុមហ៊ុន ពិតជារីករាយនឹងទទួលបានឱកាសប្រកួតប្រជែង ក្នុងទីផ្សារដ៏តូចនេះ ដែលអត្រាអ្នកប្រើប្រាស់ធានារ៉ាប់រងអាយុជីវិត នៅទាបជាង ១ភាគរយ។

ក្រុមហ៊ុន AIA ក៏បានសហការគ្នាជាមួយនឹង ធនាគារកម្ពុជាសាធារណៈ និងក្រុមហ៊ុន Smart Axiata ដើម្បីផ្តល់ជូនប្រជាពលរដ្ឋកម្ពុជា នូវដំណោះស្រាយធានារ៉ាប់រងជីវិតដ៏មានភាពច្នៃប្រឌិតជាច្រើន តាមរយៈបច្ចេកវិទ្យាទំនើប មានភាពបត់បែន និងងាយស្រួលទទួលយក។

គួរជម្រាបដែរថា ក្រុមហ៊ុន AIA ប្តេជ្ញាផ្តល់ផលិតផល និងសេវាកម្មថ្មី ដល់ប្រជាជនកម្ពុជា ដែលអាចជួយឲ្យជីវិតកាន់តែប្រសើរប្រកបដោយភាពវិជ្ជមាន៕

មតិយោបល់