ព័ត៌មានសេដ្ឋកិច្ច

មន្ទីរពិសោធន៍ខ្នាតតូចសាខាខេត្តព្រះសីហនុ បើកសម្ពោធជាផ្លូវការ

អគារមន្ទីរពិសោធន៍ខ្នាតតូចដ៏ថ្មីស្រឡាង ដែលមានសមត្ថភាពត្រួតពិនិត្យ និងវិភាគគំរូផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមី និងជាតិពុលផ្សេងៗ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់អំពីសារៈសំខាន់នៃមន្ទីរពិសោធន៍ ដើម្បីឆ្លើយតបនឹងបញ្ហាសុវត្ថិភាពចំណីអាហារ ដែលជាកង្វល់របស់ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរដែលចូលមកកំសាន្តនៅក្នុងខេត្តព្រះសីហនុ។

មន្ទីរពិសោធន៍ថ្មីនេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការវិភាគទំនិញ និងផលិតផលម្ហូបអាហារ នៅតាមច្រកព្រំដែន និងទីផ្សារ ដើម្បីការពារសុខមាលភាពអ្នកប្រើប្រាស់ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម។

មន្ទីរពិសោធន៍នេះ នឹងអនុញ្ញាតឲ្យមន្រ្តីកាំកុងត្រូល អាចធ្វើការដកហូតទំនិញខូចគុណភាព ឬទប់ស្កាត់មិនឲ្យធ្វើចរាចរនៅលើទីផ្សារបានទាន់ពេលវេលា ដោយមិនបាច់បញ្ជូនគំរូមកវិភាគនៅមន្ទីរពិសោធន៍ភ្នំពេញ របស់អគ្គនាយកដ្ឋានកាំកុងត្រូលទៀតឡើយ។

លើសពីនេះ មន្ត្រីកាំកុងត្រូល ក៏អាចបើកការស្រាវជ្រាវលើករណីពុលអាហារដែលកើតឡើងភ្លាមៗ ប្រកបដោយប្រសិទ្ធភាព។

គួររម្លឹកដែរថា តាមរយៈការដាក់ឲ្យអនុវត្តនូវថវិកាកម្មវិធី នៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានកាំកុងត្រូល បានអនុវត្តន៍គម្រោងកសាងមន្ទីរពិសោធន៍ខ្នាតតូចចំនួនបី នៅក្នុងខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋាន បានកំពុងកសាងមន្ទីរពិសោធន៍ខ្នាតតូចចំនួនបីទៀត នៅក្នុងខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ ដើម្បីដាក់សម្ពោធឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០១៨ ខាងមុខនេះ៕

មតិយោបល់