ភ្នំពេញៈ លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះថា លោកស្រី ពិតជាបានអនុញ្ញាតឱ្យ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន របស់ស្រី រឿងឆបោកប្រាក់ ជិត ២លានដុល្លារ ពីជនជាតិជប៉ុន ២៩នាក់នោះ ត្រលប់ទៅផ្ទះមែន។
ចំពោះមូលហេតុដែលលោកស្រី សម្រេចដោះលែងបុរសសង្ស័យនោះ លោកស្រីមិនទាន់អាចបញ្ជាក់បានទេ ដោយសារព្រឹកនេះ លោកស្រីកំពុងតែប្រជុំ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យមានឈ្មោះ WOO KEE MUN ហៅ WOO CLEMENT ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅផ្ទះលេខ១២/១១ ផ្លូវ៥៩៨ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភោជនីយដ្ឋានតាយម៉េង ក្នុងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចូលខ្លួន លេខ០៨៥ អ.យ.យ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយតម្រូវឱ្យជនសង្ស័យ ចូលខ្លួនបំភ្លឺពាក់ព័ន្ធ សំណុំរឿង ឆបោកប្រាក់ជនជាតិជប៉ុនចំនួន ២៩នាក់។
យោងតាមប្រភពពី សមត្ថកិច្ច ជនសង្ស័យបានបោកលុយពីជនជាតិជប៉ុនចំនួន ២៩នាក់ ក្នុងទំហំទឹកប្រាក់ជិត ២លានដុល្លារ ក្រោមរូបភាពចូលហ៊ុនគ្នាវិនិយោគ កាលពីអំឡុងឆ្នាំ២០១៣-២០១៤។
ជនសង្ស័យ បានទាក់ទងជនជាតិជប៉ុនមួយក្រុមមានចំនួន ២៩នាក់ ដោយកុហក់ថា ខ្លួនមានដីសម្រាប់ដាំម្រេច នៅឃុំត្រពាំងក្តារ ស្រុកដងទង់ ខេត្តកំពត មានដីសម្រាប់ដាំដំឡូង និងដើមអាកាស្សា នៅឃុំក្រាំងដង្វាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានដីសម្រាប់ដាំស្វាយ នៅខេត្តកំពង់ស្ពឺ ត្រូវការអ្នកចូលហ៊ុនដើម្បីវិនិយោគ។
ពេលទទួលលុយពីជនរងគ្រោះ ចំនួន ជិត២លានដុល្លារ រួចហើយ ជនសង្ស័យក៏ រត់គេចខ្លួនរហូត ពោលគឺគ្មានដី សម្រាប់ការវិនិយោគទាំងនោះឡើយ។
សមត្ថកិច្ចបន្ថែមថា ជនសង្ស័យបានប្រើប្រាស់លិខិតឆ្លងដែនចំនួន៤ ដើម្បីងាយស្រួលដើរហើរ និងប្រើរូបភាពឆបោក ជនរងគ្រោះ។
បើតាមសមត្ថកិច្ច ក្រៅពីមានជនជាតិជប៉ុនទាំង២៩នាក់ ក៏មានជនជាតិម៉ាឡេស៊ី និងជនជាតិសឹង្ហបុរីប្រមាណជិត ១០នាក់ទៀតផងដែរ ដែលបានចាញ់បោកជនសង្ស័យរូបនេះ តែពួកគេមិនទាន់មកដាក់ពាក្យបណ្តឹង។
មន្រ្តីនគរបាលបានចាត់ទុកថា នេះជារូបភាពបោកអន្តរជាតិមួយ និងបានធ្វើឲ្យក្រុមវិនិយោគិនអន្តរជាតិខ្លាចញញើត ចំពោះការមករកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។
ពាក់ព័ន្ធសំណុំរឿងនេះ លោក ណាច ទ្រី ជាមេធាវី ការពារសិទ្ធិឱ្យជនរងគ្រោះចំនួន ២៩នាក់ ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថា លោកសង្ឃឹមថា តុលាការនឹងអាចផ្តល់យុត្តិធម៌ដល់កូនក្តីលោកបាន និងអាចតម្រូវឱ្យជនសង្ស័យ តំកល់ប្រាក់ជាសំណងដល់កូនក្តីលោក ផងដែរ ព្រោះកូនក្តីរបស់លោកប្តឹងនេះ គឺក្នុងគោលបំណងទាមទារប្រាក់ដែលជនសង្ស័យបានបោកយកទៅតែប៉ុណ្ណោះ។
ដូច្នេះបើជនសង្ស័យ ព្រមសងលុយទៅជនរងគ្រោះវិញ កូនក្តីលោកក៏ព្រមសម្របសម្រួលជាមួយជនសង្ស័យដែរ។
ប៉ុន្តែមកដល់ពេលគេនៅមិនទាន់ដឹងថា ជនរងគ្រោះ បានទទួលសំណងពីជនសង្ស័យហើយ ឬនៅទេ៕
មតិយោបល់