ព័ត៌មានសេដ្ឋកិច្ច

ឱកាស និងបញ្ហាប្រឈម ក្នុងការទិញដីឡូតិ៍ពុះលក់ ប្រជាពលរដ្ឋខ្មែរ គួរយល់ដឹង

ភ្នំពេញ: បច្ចុប្បន្ន សង្កេតឃើញថា មានការពុះដីឡូតិ៍លក់ យ៉ាងសកម្មបំផុត នៅក្នុងតំបន់ជាយក្រុងមួយចំនួនធំ ខណៈប្រជាពលរដ្ឋខ្មែរភាគច្រើន កំពុងចាប់អារម្មណ៍សន្សំលុយ ឬខ្ចីបុលបង់រំលោះ ក្នុងរូបភាពផ្សេងៗ សម្រាប់ធ្វើការទិញដូរដីធ្លី ផ្ទះសម្បែង។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរ គួរសិក្សាស្វែងយល់បន្ថែម អំពីឱកាស និងបញ្ហាប្រឈម ទៅថ្ងៃអនាគតខាងមុខ ដែលមើលមិនឃើញ ដោយត្រូវការកិច្ចប្រឹក្សា ជាមួយអ្នកជំនាញផ្នែកអចលនទ្រព្យ និងអាចទុកចិត្តបាន ទៀតផង។

លោក គីម ហ៊ាង នាយកក្រុមហ៊ុន ខ្មែររៀលអ៊ីស្ទេត (Khmer Real Estate) និងបច្ចុប្បន្ន ប្រធានអណត្តទី៤ ប្រចាំនៅ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (Cambodian Valuers And Estate Agents Association) ជាអង្គភាពមិនសំដៅប្រាក់ចំណេញ នៃអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ អាជីព ហៅកាត់ថា សមាគម នៃក្រុមហ៊ុនដីធ្លី ក្នុងប្រទេសកម្ពុជា (CVEA)។ ទា​ក់ទឹននឹងប្រធានបទខាងលើ លោកបានលើកឡើង អំពីឱកាស និងបញ្ហាប្រឈម ក្នុងការទិញដីឡូតិ៍ពុះលក់ ដែលប្រជាពលរដ្ឋខ្មែរ គួរយល់ដឹង និងពិចារណា ដោយអំណះអំណាងត្រឹមត្រូវ មុនធ្វើការសម្រេចចិត្ត។

” យើងឃើញមានការពុះដីឡូតិ៍លក់ យ៉ាងសកម្មបំផុត នៅក្នុងតំបន់ នៃខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោរ អ្នកខ្លះយកដី ៥-១០-២០ហិកតា ពុះដីឡូតិ៍លក់តែម្តង ហើយយុទ្ធសាស្ត្រនៃការលក់ គឺគាត់ចាក់ដីឱ្យស្អាត ពុះជាប្លង់ទំហំ ៥X២០ម៉ែត្រ ឬ ១០X២០ម៉ែត្រ លក់ក្នុងតម្លៃ ៨០០០-១០០០០-១២០០០ដុល្លារអាមេរិក ជាដើម។ លក់ឱ្យប្រជាពលរដ្ឋយើងច្រើនណាស់ មូលហេតុ ដែលប្រជាពលរដ្ឋយើង នាំគ្នាទិញច្រើន គឺថា ការសាងសង់បូរីហ្នឹង មានច្រើនឆ្នាំណាស់មកហើយ ហើយអ្នកសាងសង់បូរីហ្នឹង ផ្តោតទៅលើតែអតិថិជនពាក់កណ្តាលអ្នកមានទេ។ ចុះអ្នកមានលុយចំណូលក្រោមមធ្យមហ្នឹង គាត់ទៅទិញនៅណា? ” នេះជាការលើកឡើងរបស់ លោក គីម ហ៊ាង នូវបទពិសោធន៍ជាក់ស្តែង កន្លងមក។

ទន្ទឹមនឹងហ្នឹង នាយកក្រុមហ៊ុន ខ្មែររៀលអ៊ីស្ទេត រូបនេះ បានបន្តថា កម្រិតជីវភាព នៃចំនួនអ្នកលើមធ្យម ១០% អ្នកមធ្យម ២០% និងអ្នកក្រោមធ្យម ៧០% ឯណោះ។ អ្នកមធ្យម ២០% ហ្នឹង ផ្ទះគាត់ទិញរួចហើយ និងចូលរស់នៅរួចហើយ រហូតទិញផ្ទះទុក ៤-១០ល្វែង រួចហើយ ចឹងរាល់គម្រោង សម្រាប់លក់ឱ្យអ្នកលើមធ្យមហ្នឹង គេអត់ទិញទេ ដោយសារគេទិញរួចអត់ហើយៗ ចឹងយើងនៅមានអតិថិជន ៧០% ទៀត មានចំណូលក្រោមមធ្យម ប្រាក់ខែក្រោម ១.០០០ដុល្លារ ចឹងបើផ្ទះតម្លៃ ១០ម៉ឺនដុល្លារ គាត់យកលុយពីណាទៅទិញ? ប៉ុន្តែចំពោះដីឡូតិ៍ តម្លៃ ៨០០០-១០០០០-១២០០០ដុល្លារ គាត់អាចមានលទ្ធភាពទិញច្រើន ចឹងក្នុងត្រីមាសទី១ នៃឆ្នាំ ២០១៦នេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេ​ គឺការពុះដីឡូតិ៍លក់តែម្តង និងមានសកម្មភាពខ្លាំង ខណៈអ្នកខ្លះយកដីរាប់សិបហិកតា យកទៅពុះដីឡូតិ៍លក់ ហើយលក់ត្រឹមតែរយៈពេល ៥ទៅ៦ខែ ដាច់អស់ហ្មង “។

ការពុះដីឡូតិ៍លក់ សង្កេតឃើញមានបញ្ហាមួយ បាន និងកំពុងកើតមានឡើង ដែលអ្នកជំនាញអាចមើលឃើញ ប៉ុន្តែមនុស្សធម្មតាមើលមិនឃើញ ក្នុងនាមប្រធាន សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានព្រលយសម្តីថា ” ជាក់ស្តែងប្រសិនបើ ដីឡូតិ៍ទាំងអស់ ១០ហិកតា មានប្លង់រឹង តើយើងប្រាកដអត់ថា ម្ចាស់ដីឡូតិ៍ហ្នឹង គាត់ដាក់បញ្ចាំធនាគារ ដើម្បីយកលុយមកប្រើប្រាស់ រៀបចំពុះដីឡូលក់ឱ្យប្រជាពលរដ្ឋ ស្របតាមច្បាប់ រាល់ដីទាំងឡាយណា ដែលមានប្លង់រឹង ពេលដែលពុះដីឡូតិ៍លក់ គាត់ត្រូវធ្វើប្លង់ចែកឱ្យប្រជាពលរដ្ឋ ប៉ុន្តែជាទូទៅ ការពុះដីឡូតិ៍លក់ គាត់អត់ធ្វើប្លង់រឹងឱ្យប្រជាពលរដ្ឋទេ គ្រាន់តែធ្វើផ្ទេរកម្មសិទ្ធត្រឹមខណ្ឌប៉ុណ្ណោះ “។

តើច្បាប់កន្លែងណា ដែលអនុញ្ញាតិឱ្យមានការផ្ទេរសិទ្ធិត្រឹមខណ្ឌ? សម្រាប់លោក គីម ហ៊ាង មិនគាំទ្រទេ ព្រោះមិនប្រាកដថា វាសមស្របទៅនឹងផ្លូវច្បាប់។ នៅក្នុងនាមជា ប្រធាន សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក គីម ហ៊ាង បានទទូចថា ” ប្រឡូកក្នុងវិស័យនេះ ខ្ញុំតែងតែសង្កេតឃើញបញ្ហា ឥឡូវនេះមិនទាន់មានបញ្ហា ប៉ុន្តែខ្ញុំបារម្ភចំពោះ ៥ឆ្នាំក្រោយ ប្រជាពលរដ្ឋមួយចំនួនធំ មួយជីវិតរស់នៅលើដី ដែលគ្មានប្លង់រឹងរហូតស្លាប់ ដោយទៅសុំប្លង់រឹងពីម្ចាស់ដី ដូចទៅសុំលុយគាត់ចឹង “។ ដូច្នេះលោក សុំទទួចទៅកាន់ខាង សង្កាត់ ខណ្ឌ នៅពេលដែលស៊ីញ៉េ ឬចុះហត្ថលេខា ប្លង់ ទៅឱ្យការពុះដីឡូតិ៍លក់ ខណ្ឌគួរពិនិត្យមើលថា ដីមានប្លង់រឹងអត់ ប្រសិនបើដីមានប្លង់រឹង សូមពិចារណាថា តើក្នុងនាមជាអជ្ញារធម៌ដែនដី តើត្រូវមានវិធានការធ្វើយ៉ាងម៉េច ការពារប្រជាជន? ដើម្បីកុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ សង្ឃឹមថា អាចជួយសម្រួលការងារហ្នឹងបាន ផងដែរ៕

មតិយោបល់