ការតភ្ជាប់ទំនាក់ទំនង តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ ដែលកាន់តែមានសន្ទុះកើនឡើង នៅអាស៊ី និងប៉ាស៊ីហ្វិក បានជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចរបស់តំបន់នេះ ចំពោះភាពមិនប្រាកដប្រជា ដែលកើតឡើងក្នុងបរិយាកាសគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលលោក នេះបើតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយធនាគារ-អភិវឌ្ឍន៍អាស៊ី (ADB) ។
ក្នុងការសិក្សាមួយចេញផ្សាយនៅថ្ងៃនេះ ដែលមានចំណងជើងថា របាយការណ៍ស្តីពីសមាហរណកម្មសេដ្ឋកិច្ចនៅអាស៊ី (AEIR) ធនាគារអភិវឌ្ឍន៍អាស៊ី បានពិនិត្យលើនិន្នាការនៃសមាហរណកម្មតំបន់ នាពេលថ្មីៗនេះ និងបានបង្កើតនូវសន្ទទស្សន៍សមាហរណកម្មតំបន់ថ្មីមួយ។
ក្នុងឆ្នាំ ២០១៦ ភាគរយនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសមួយ និងប្រទេសមួយទៀតក្នុងតំបន់ បើគិតជាតម្លៃ កើនឡើងដល់ ៥៧,៣% ក្នុងឆ្នាំ ២០១៦ ដែលជាកម្រិតខ្ពស់មិនធ្លាប់មាន បើធៀបនឹងកំណើនជាមធ្យម ៥៥,៩% ពីឆ្នាំ ២០១០ ដល់ ២០១៥។
តម្លៃនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងតំបន់អាស៊ីទាំងមូល បានកើនឡើងដល់ ២៧២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៦ បើទោះបីជាលំហូរ FDI ជាសកលមកកាន់តំបន់នេះ បានថយចុះ ៦% ក៏ដោយ។
ដោយសារតែ FDI ពីប្រទេសមួយទៅប្រទេសមួយទៀតក្នុងតំបន់អាស៊ីនេះ បំពេញតួនាទីសំខាន់ក្នុងការជម្រុញការអភិវឌ្ឍ សង្វាក់តម្លៃ គេរំពឹងថា វាក៏នឹងជួយពង្រឹងកំណើនពាណិជ្ជកម្មរបស់តំបន់នេះផងដែរ។
សេដ្ឋកិច្ចរបស់អាស៊ី បានបន្តពង្រីកវត្តមានក្នុងសកលលោក ដោយ FDI ដែលមានប្រភពពីអាស៊ី បានកើនឡើង ១១% ក្នុងឆ្នាំ ២០១៦ ដល់ ៤៨២ ពាន់លានដុល្លារ ជាពិសេស តាមរយៈការវិនិយោគលើថាមពលកកើតឡើងវិញ ធនធានធម្មជាតិ ឧបករណ៍សើមីខុនដាក់ឌ័រ (semiconductors) និងបច្ចេកវិទ្យាព័ត៌មាន។
របាយការណ៍ AEIR ឆ្នាំ ២០១៧ នេះ បានបង្កើតនូវសន្ទទស្សន៍ថ្មីមួយ ដែលមានឈ្មោះថា សន្ទទស្សន៍កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់អាស៊ីប៉ាស៊ីហ្វិច នឹងវាស់វែងសមាហរណកម្មតំបន់ ដោយពិនិត្យលើសមាសភាគចំនួន ៦ ដូចជា ពាណិជ្ជកម្មនិងការវិនិយោគ ប្រាក់និងហិរញ្ញវត្ថុ សង្វាក់តម្លៃ ហេដ្ឋារចនាសម្ព័ន្ធ និងការភ្ជាប់ទំនាក់ទំនងថ្នាក់តំបន់ ការផ្លាស់ទីរបស់មនុស្ស និងសមាហរណកម្មស្ថាប័ននិងសង្គម។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមធំៗនៅតែមាន ដូចជា ភាពខ្សោយនៃទីផ្សារ និងប្រព័ន្ធហិរញ្ញវត្ថុដែលនៅមិនទាន់បានដោះស្រាយនៅឡើយ ភាពខ្វះចន្លោះផ្នែកគោលនយោបាយ និងបទដ្ឋានគតិយុត្តិដែលនៅសេសសល់ទាំងនេះ ក៏អាចធ្វើឲ្យតំបន់នេះកាន់តែប្រឈមនឹងហានិភ័យ និងភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ ដោយសារតែមានការប្រើប្រាស់ និងការប្រថុយប្រថានខ្លាំងពេក៕
មតិយោបល់