ធនាគារអភិវឌ្ឍន៍អាស៊ី បានរៀបចំឲ្យមានគម្រោងមួយសម្រាប់កម្ពុជា ហៅថា អភិវឌ្ឍជំនាញសម្រាប់ការប្រកួតប្រជែង ដែលនឹងបន្ត ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដែលមានចំនួនទឹកប្រាក់ស្មើនឹងប្រមាណ ៦០លានដុល្លារអាមេរិក។
គម្រោងនេះ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងរៀបចំធ្វើយ៉ាងណានឹងបង្កើនគម្រោងនេះបន្តទៀត សម្រាប់បរិបទថ្មី នៃការអភិវឌ្ឍន៍គោលនយោបាយជាតិស្តីពីការពិពិធកម្មសេដ្ឋកិច្ច ឧស្សាហកម្ម និងគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ គម្រោងនេះពិតជាមានសារៈសំខាន់ណាស់។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន អនុញ្ញាតអោយលោក Jan Hansen នាយកស្តីទី នៃធនាគារអភិវឌ្ឍន៍អាស៉ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតទៅលើការអនុវត្តគម្រោងដែលកំពុងដំណើរការ និងពិភាក្សាកម្មវិធីដែលបានដាក់ស្នើ ព្រមទាំងគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងក្រសួងសម្រាប់ឆ្នាំ២០១៩-២០២១ និងតម្រូវការជំនួយបច្ចេកទេសនានា។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ជំនួបនេះ នឹងជំរុញបន្ថែមទៀតនូវប្រសិទ្ធិភាពការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយនិងគម្រោងដែលនៅសល់រយៈពេលរហូតដល់ឆ្នាំ២០២១។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា តាមរយៈគម្រោងភាពជាដៃគូនេះ នឹងបង្កើតឲ្យមានភាពជិតស្និទ្ធបន្ថែមទៀតរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ជាពិសេសជាមួយផ្នែកឯកជន ដើម្បីទាក់ទាញនូវធនធានក៏ដូចជាបច្ចេកទេសឲ្យបានកាន់តែច្រើនថែម សម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តម បញ្ជាក់ថា គម្រោងនេះមានអត្ថប្រយោជន៍ធំណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ យុវជន យុវនារី ដែលពីពេលនេះទៅមុខ នៅក្នុងពេលសមារណកម្ម សហគមន៍សេដ្ឋកិច្ចនៅក្នុងអាស៊ាន និងសាកលភាវូបនីយកម្ម តម្រូវការ កម្លាំងពលកម្មដែលមានកម្រិតជំនាញកាន់តែច្រើនឡើង ដូច្នេះគឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ ឲ្យកម្លាំងពលកម្មរបស់យើង ឆ្លើយតបទៅនឹងអ្វីដែលជាទិសដៅនាពេលខាងមុខសម្រាប់ការអភិវឌ្ឍន៍៕
មតិយោបល់