ក្រសួងទេសចរណ៍បានអះអាងថា ក្រសួងកំពុងតែរៀបចំខ្សែទស្សនកិច្ច ផលិតផលទេសចរណ៍រួមគ្នា និងជាកញ្ចប់ ដូចជាការតភ្ជាប់អ្នកទេសចរ ពីតំបន់បេតិកភណ្ឌ ទៅកាន់តំបន់ប្រវត្តិសាស្រ្តនានា ដើម្បីឱ្យតំបន់ទេសចរណ៍មួយចំនួន ដែលគេមិនសូវមាន អ្នកទេសចរទៅលេងពីមុន ងាកមកចាប់អារម្មណ៍ និងលេងតំបន់នោះឱ្យបានច្រើន។
ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការបង្ហាញអំពីតំបន់ទេសចរណ៍ ដែលមានសក្ដានុពលនេះ គឺក្នុងគោលដៅ និងការរៀបចំខ្សែ ទស្សនកិច្ចដោយ ភា្ជប់តំបន់ បេតិកភណ្ឌអង្គរ ជាមួយតំបន់ប្រវត្តិសាស្រ្តអន្លង់វែង ខេត្តឧត្តរមានជ័យ។
ឯកឧត្តមបានបញ្ជាក់ថា អន្លង់វែង ដែលជាតំបន់កាន់កាប់ចុងក្រោយរបស់ចលនា ខ្មែរក្រហម ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រសួងទេសចរណ៍រៀបចំជាតំបន់ប្រវត្តិសាស្រ្ត។
ទន្ទឹមនេះ ក្នុងគោលដៅទេសចរណ៍វប្បធម៌ រួមមានប្រាសាទបុរាណ ទីតាំង ប្រវត្តិសាស្រ្ត ប្រពៃណី ម្ហូបអាហារ សិល្បៈ និងសិប្បកម្មជាដើម ។
ឯកឧត្តមបានបន្តថា ការរៀបចំកញ្ចប់ខ្សែទស្សនកិច្ច វាគឺជាការរៀបចំផលិតផលទេសចរណ៍រួមគ្នាមួយ ដ៏សំខាន់ និងទាក់ទាញឱ្យអ្នកទេសចរទៅទស្សនាតំបន់ ទេសចរណ៍ប្រវត្តិសាស្រ្ត ជុំវិញតំបន់អង្គរឱ្យបាន កាន់តែច្រើន ដូចជាការតភ្ជាប់អ្នកទេសចរ ពីតំបន់បេតិកភណ្ឌទៅកាន់តំបន់ប្រវត្តិសាស្រ្ត។
លើសពីនេះទៀត គឺការតភ្ជាប់ពីតំបន់អង្គរ ទៅកាន់តំបន់ ប្រវត្តិសាស្រ្តអន្លង់វែង ពីប្រាសាទព្រះវិហារ ទៅអន្លង់វែង ពីប្រាសាទកោះកេរ ទៅអន្លង់វែង ពីប្រាសាទបន្ទាយឆ្មារទៅអន្លង់វែង ឬពីតំបន់ប្រវត្តិសាស្រ្ត អន្លង់វែង ទៅកាន់តំបន់បេតិកភណ្ឌទាំង ៤វិញ។
ដើម្បីឱ្យអ្នកទេសចរមានការចាប់អារម្មណ៍ និងចង់ទៅទស្សនាតំបន់ប្រវត្តិសាស្រ្តអន្លង់វែង ក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយ ដល់មគ្គុទ្ទេសក៏ទេសចរណ៍នៅក្នុង ខេត្តសៀមរាប ឱ្យបានស្គាល់តំបន់ប្រវត្តិសាស្រ្តអន្លង់វែង សម្រាប់ឱ្យពួកគេណែនាំដល់ភ្ញៀវឱ្យបន្តទៅ ទស្សនាតំបន់នោះឱ្យបានកាន់តែច្រើន។
ជាមួយគ្នានេះដែរ សម្រាប់តំបន់ប្រវត្តិសាស្រ្តអន្លង់វែងមាន ១៤ចំណុច ដែលជា គោលដៅសិក្សា ឈ្វេងយល់ ចង់ដឹង ចង់ឃើញរបស់ភ្ញៀវទេសចរស្ថិតនៅភូមិសាស្រ្ត លើជួរភ្នំដងរែក មានចំនួន ៦កន្លែង មានកន្លែងដុតខ្មោចប៉ុលពត កន្លែងកាត់ទោសប៉ុលពត ផ្ទះតាម៉ុក (ផ្ទះកណ្តាលលើភ្នំ) កន្លែងច្នៃគ្រាប់ ភ្នំ២០០ ផ្ទះប៉ុលពត-ខៀវសំផន និងឃ្លាំងសម្ភារ និងស្ថិតនៅក្នុងភូមិសាស្រ្តលើខ្ពង់រាបនិងជើងភ្នំ មានចំនួន៨កន្លែង រួមមាន កន្លែងដុតខ្មោច សុន សេន ស្រែគំរូ ការដ្ឋានដឹកជញ្ជូនរបស់តាម៉ុក បឹងអន្លង់វែង ផ្ទះតាម៉ុក សារមន្ទីរតាម៉ុក មន្ទីរពេទ្យតាម៉ុក សាលារៀនតាម៉ុក និងស្ពានតាម៉ុក ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧កន្លងទៅ រមណីយដ្ឋានទេសចរណ៍អន្លង់វែង ទទួលបានភ្ញៀវទេសចរ សរុបចំនួន ៤៦,២៣៨នាក់ ហើយសង្ឃឹមថា បន្ទាប់ពីមានការផ្សព្វផ្សាយនេះ តំបន់ប្រវត្តិសាស្រ្តអន្លង់វែង នឹងត្រូវបានក្លាយជាគោលដៅទេសចរណ៍ និងមានអ្នកទេសចរ ទៅទស្សនាច្រើន និងបានផ្តល់ប្រាក់ ចំណូលទៅដល់ប្រជាពលរដ្ឋនៅតំបន់នោះ ដោយផ្ទាល់ផងដែរ៕
មតិយោបល់