ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា នឹងមានរោងចក្រតម្លើងរថយន្តគ្រប់ប្រភេទ តម្លៃជាង ៣០លានដុល្លារ នៅខេត្តកំពត

កាលពីម្សិលមិញនេះ​ ក្រុមហ៊ុន ទី្រ ភាព គ្រុប និងក្រុមហ៊ុនចិន Beijing Zhongjiao Rongqing Science and Technology បានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាលើ គម្រោងវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តគ្រប់ប្រភេទ ម៉ូតូ ម៉ាស៊ីនត្រជាក់ និងយានដ្ឋានជួសជុលរថយន្តទំនើបគ្រប់សេរ៊ី ធំជាងគេតែមួយគត់ ក្នុងប្រទេសកម្ពុជា។

យោងតាមការឲ្យដឹងពីគេហទំព័ររបស់ ក្រុមហ៊ុន ទ្រី ភាព គ្រុប រោងចក្រតម្លើងរថយន្តគ្រប់ប្រភេទ ម៉ូតូ ម៉ាស៊ីនត្រជាក់ នឹងត្រូវប្រើប្រាស់ទុនវិនិយោគជំហានដំបូងប្រមាណ ៣០លានដុល្លារអាមេរិក។

គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែពហុបំណងរបស់ ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីជិត ១០០ហិកតា។

រីឯយានដ្ឋានជួសជុលរថយន្តទំនើបគ្រប់សេរ៊ី នឹងបង្កើតឡើងនៅភូមិកន្ទោកជើង ឃុំកន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួររម្លឹកដែរថា ក្រុមហ៊ុន ទ្រី ភាព ក៏បានបោះទុនរួមគ្នាជាមួយដៃគូចិន ប្រមាណ ៥០លានដុល្លារ បង្កើតរោងចក្រដំឡើងម៉ូតូ នៅខេត្តកណ្តាលផងដែរ៕

មតិយោបល់