កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ នៃប្រទេសឥណ្ឌូនេស៊ី ក្នុងនោះរួមមាន ការជម្រុញឲ្យមានជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌូនេស៊ីផងដែរ។
លោក Luhut Binsar Pandjaitan ក៏បានជម្រាបពីបំណងចង់ពង្រឹងបន្ថែមអំពី កិច្ចសហប្រតិបត្តិការលើវិស័យយោធា វិស័យសេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍។
លោកនឹងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ ឡៃអិន របស់ឥណ្ឌូនេស៊ីដើម្បីជំរុញអោយមានការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជានៅពេលខាងមុខ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក Luhut Binsar Pandjaitan ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយសម្តេចក៏ទទួល និងបានឆ្លើយតបជាផ្លូវការនៃការអញ្ជើញទៅចូលរួលកិច្ចប្រជុំនៅខែតុលានៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍អោយពិនិត្យមើលបន្ថែមទៀតនូវ សក្តានុពលដទៃទៀតដែលយើងមាន ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគទេសចរណ៍ និងកសិកម្មជាដើម។
ហើយទាក់ទងនឹងកសិកម្មនេះ សម្តេចតេជោ ក៏បានស្នើសុំអោយភាគីខាងឥណ្ឌូនេស៊ីមកពិនិត្យមើលពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ព្រោះថា បើឥណ្ឌូនេស៊ីមកដាក់ទុននៅប្រទេសកម្ពុជា គឺអាចនឹងធ្វើអោយតម្លៃអង្ករ ដែលនាំចេញទៅប្រទេសឥណ្ឌូនេស៊ី នឹងអាចចុះថោក ។
ពាក់ព័ន្ធនឹងការហោះហើរត្រង់ ពីឥណ្ឌូនេស៊ី មកកម្ពុជា និងពីកម្ពុជាទៅឥណ្ឌូនេស៊ី នោះសម្តេចតេជោ ហ៊ុន សែន គាំទ្រយ៉ាងខ្លាំង ហើយបើអាចធ្វើបានកាន់តែលឿន គឺកាន់តែល្អ ព្រោះវាអាចលើកស្ទួយកិច្ចសហប្រតិបត្តការវរាងប្រទេសទាំងពីរផង និងដើម្បីផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនផង។
យ៉ាងហោចណាស់មាន ភ្ញៀវទេសចរឥណ្ឌូនេស៊ីជាង ៥ម៉ឺននាក់ មកកម្សាន្តនៅ កម្ពុជា ជារៀងរាល់ឆ្នាំ ខណៈភ្ញៀវទេសចរកម្ពុជា ទៅកម្សាន្តនៅឥណ្ឌូនេស៊ី មានប្រមាណ ៥ពាន់នាក់។
សូមរម្លឹកថា កន្លងមកកម្ពុជា និងឥណ្ឌូណេស៊ី ធ្លាប់បានចុះហត្ថលេខាជាមួយគ្នារួចមកហើយ លើគម្រោង បង្កើតឲ្យមានជើងហោះហើរ ដោយត្រង់ពីឥណ្ឌូណេស៊ី មកកម្ពុជា នឹងពីកម្ពុជាទៅឥណ្ឌូណេស៊ីប៉ុន្តែ ត្រូវពន្យារពេលវិញដោយសាតែចំនួនអ្នកទេសចរ នៃប្រទេសទាំងពីរនៅមាន កម្រិតតិចតួចធ្វើ ឲ្យក្រុមហ៊ុនអាកាសចរណ៍ អាចប្រឈមនឹងការខាតបង់៕
មតិយោបល់