នាឱកាសអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីសម្ពោធពិព័រណ៍កម្ពុជា ចិន-អាស៊ាន ឆ្នាំ២០១៨ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ប្រទេសចិនបានឈរលំដាប់លេខរៀងទី១ នៅកម្ពុជា កាលពីឆ្នាំ២០១៧ ជាមួយទំហំទឹកប្រាក់វិនិយោគ រហូតដល់ជិត ១៥ពាន់លានដុល្លារអាមេរិក។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា ទំហំវិនិយោគចិនមកកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួន ១៤.៣ពាន់លានដុល្លារអាមេរិក ឬ ស្មើ២៧% នៃទឹកប្រាក់វិនិយោគពីបរទេសសរុប ដែលចំនួននេះ បានកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៧៤៨លានដុល្លារអាមេរិកប៉ុណ្ណោះ។
កំណើនវិនិយោគរបស់ចិន បានសម្រួលដល់ការធ្វើពិពិធកម្មវិស័យការងារសម្រាប់ប្រជាជន និងកំណើនសេដ្ឋកិច្ច ដោយសារគម្រោងចិនភាគច្រើន ផ្តោតសំខាន់លើវិស័យសំណង់ កសិកម្ម ថាមពល ឧស្សាហកម្មកាត់ដេរ ធនាគារ និងហិរញ្ញវត្ថុ ទូរគមនាគមន៍ និងទេសចរណ៍ ដែលជាសសរស្តមសំខាន់ៗនៃសេដ្ឋកិច្ច។
បើតាមទិន្នន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបានដល់ ៥៧៩០លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ២១.៧% បើប្រៀបធៀបនឹងឆ្នាំ២០១៦។
ទន្ទឹមគ្នានេះ ភ្ញៀវទេសចរចិន ដែលបានចូលមកកម្ពុជា កាលពីឆ្នាំ២០១៧ មានចំនួន ១,២១០,០០០នាក់ គឺបានកើនឡើងជិត ៤៦% បើធៀបនឹងឆ្នាំ ២០១៦ដូចគ្នា។
សូមបញ្ជាក់ថា ពិព័រណ៍កម្ពុជា ចិន-អាស៊ាន ឆ្នាំ២០១៨នេះ មានស្តង់សរុបចំនួន ៤៤០ស្តង់ មានក្រុមហ៊ុនធំៗ ចំនួន ២៩០ក្រុមហ៊ុន និងមានអមដោយសិក្ខាសាលាស្តីពីវិនិយោគនៅកម្ពុជា, ការជំរុញគម្រោងសហប្រតិបត្តិការអន្តរជាតិ ខេត្តសានស៊ី, វេទិកាជំនួបបច្ចេកវិទ្យាកម្ពុជា-ចិន និងជំនួបពាណិជ្ជកម្ម ផងដែរ៕
មតិយោបល់