ព័ត៌មានសេដ្ឋកិច្ច

សង្ក្រាន្តវត្តភ្នំ នឹងមានតាំងបង្ហាញវត្ថុសិល្បៈវប្បធម៌ប្រពៃណី និងតម្បាញក្រមា

ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ​ ដែល​នឹង​មកដល់​នៅពេល​ដ៏ខ្លីខាង​មុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅរមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​វត្តភ្នំ​ និងកម្មវិធី​អបអរជាច្រើនទៀត រួមទាំងរៀបចំលម្អតាម​ដងផ្លូវនានាក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​ឱ្យភ្ញៀវ​ទេសចរជាតិ​ អន្តរជាតិមកកម្សាន្ត និងបង្ហាញពីទំ​នៀម​ទម្លាប់​វប្បធម៌ ប្រពៃណីខ្មែរ​ ហើយ​ក៏ជាការរម្លឹក​ឱ្យអ្នក​ជំនាន់​ក្រោយៗ​បានយល់ដឹងកាន់​តែច្បាស់និងបន្តថែរក្សា​ការពារទំនៀមទម្លាប់វប្បធម៌​ ប្រពៃណីខ្មែរ​ឱ្យបាន​គង់វង្ស។​

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រាល់សកម្មភាពនានាដែលបានបង្កើតឡើង ដើម្បីចូលរួមអបអរសាទរបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិ​ និងមួយផ្នែកទៀត​ ដើម្បីរម្លឹកឱ្យកូនខ្មែរបានដឹងអំពីកិច្ចខិតខំប្រឹងប្រែង​តស៊ូ​បង្កើត​នូវស្នាដៃ​ ច្នៃប្រឌិត​នូវសម្ភារៈប្រើប្រាស់របស់បុព្វបុរស ដែលបានបន្សល់ទុកឱ្យអ្នកជំនាន់​ក្រោយ​បន្តថែ​រក្សា​ការពារឱ្យបានគង់វង្ស ។

សិប្បកម្មតម្បាញជាស្នាដៃរបស់ដូនតាខ្មែរយើង តាំងពីបុរាណកាលមក បង្កើត​ឡើងសម្រាប់ធ្វើអាជីវកម្មចិញ្ចឹមជិវិតប្រចាំថ្ងៃក្នុងគ្រួសារ ហើយសមិទ្ធផលមួយនេះ កំពុងមានប្រជាប្រិយភាព និង​ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកទស្សនា​កម្សាន្ត នៅប្រទេសកម្ពុជា។

ក្រមាខ្មែរជាផលិតផលដែលផលិតឡើងដោយ​ដៃសិប្បករ​ មានតួនាទី​ច្រើន​យ៉ាង​សម្រាប់​ការប្រើ​ប្រាស់​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ការរៀបចំឱ្យមានកម្មវិធីបង្ហាញពីសិប្បកម្មក្រមា និងផលិតផលក្រមា​ នាពេលនេះ​ ជាកិច្ចការដ៏មានប្រយោជន៍សម្រាប់កូនខ្មែរបានដឹងពីសារៈសំខាន់​ និងគុណប្រយោជន៍​ក្រមារ​បស់​សិប្បករខ្មែរ។

ឯកឧត្ដមក៏បានស្នើសុំ ឱ្យប្រជាពលរដ្ឋបន្តការប្រើប្រាស់ក្រមាខ្មែរ ដែល​ជាមរតករបស់​ខ្លួន​ និង​ជួយ​អភិរក្ស​ទាំង​អស់គ្នា ព្រមទាំងអំពាវនាវឱ្យមកទស្សនា​ ការតាំងបង្ហាញពីសង្វាក់សិប្បកម្ម​តម្បាញ​ក្រមា​នៅ​ទីនេះ​​ និងជួយ​ទិញផលិតផល​ ដែល​ជាស្នាដៃរបស់​សិប្បករ​ខ្មែរ​ឱ្យបានច្រើន ដើម្បីជាការលើកទឹកចិត្ត​និងជំរុញ​ការផលិត។​

ជាមួយគ្នានេះ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានជម្រាបជូន អំពីការរៀបចំតុបតែងលម្អសោភណភាព​ តាមដងផ្លូវ សួនច្បារ កន្លែងកម្សាន្ត វត្តអារាម និងសង្រ្កាន្តវត្តភ្នំ រួចជាស្រេចជាពិសេសត្រៀមពង្រឹងសន្តិសុខ​ សណ្តាប់ធ្នាប់ ការពារសុវត្ថិភាពសម្រាប់អ្នកមកកម្សាន្ត ក្នុងរាជធានីភ្នំពេញ៕

មតិយោបល់